រដ្ឋបាលស្រុកអង្គស្នួលច្រានចោលទាំងស្រុងចំពោះការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា « ព្រះសង្ឃមួយអង្គមានព្រះជន្ម១១២វស្សា គង់នៅវត្តបាសិទ្ធ អត់មានចង្ហាន់ឆាន់ » គឺជាព័ត៌មានមិនពិតនោះទេ

អាជ្ញាធរស្រុកអង្គស្នួលដឹកនាំដោយលោក ស៊ីន សាវី នាយករដ្ឋបាលសាលាស្រុក តំណាងលោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះបានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅវត្តបាសិទ្ធផ្នែកខាងត្បូងស្ថិតនៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលបន្ទាប់ពីមានការចុះផ្សាយថា មានករណីព្រះសង្ឃចំនួន០២អង្គកំពុងគង់នៅដោយព្រះសង្ឃមួយអង្គមានព្រះជន្ម១១២វស្សាអត់មានចង្ហាន់ឆាន់។

បើតាមលោក ស៊ីន សាវី នាយករដ្ឋបាលសាលាស្រុកអង្គស្នួលបានឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃនេះថា កាលពេលកន្លងមកវត្តបាសិទ្ធិមានករណីទំនាស់និងបានបែងចែកជា២ផ្នែក ដែលផ្នែកខាងជើងមានព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តត្រឹមត្រូវ គ្រប់គ្រាន់ ចំណែកឯផ្នែកខាងត្បូងមានព្រះសង្ឃមួយអង្គព្រះនាម លោក តា ប៊ួយ កំពុងគង់នៅដាច់ដោយឡែកពីផ្នែកខាងជើង។

លោក ស៊ីន សាវី បានបញ្ជាក់ថា ចំពោះស្ថានភាពបច្ចុប្បន្ន ផ្នែកខាងជើងមានព្រះសង្ឃគង់នៅ និងរៀនសូត្រចំនួន២០អង្គ និងមានពុទ្ធបរិស័ទចំណុះជើងវត្តមកបំពេញបុណ្យកុសលជាធម្មតា ដោយមានចង្ហាន់និងការផ្គត់ផ្គង់គ្រប់គ្រាន់។ លោកបន្តថា វត្តនេះ មានរចនាសម្ព័ន្ធត្រឹមត្រូវ មានព្រះចៅអធិការវត្ត ព្រះគ្រូសូត្រឆ្វេងស្តាំ និងអាចារ្យគណៈកម្មការត្រឹមត្រូវតាមច្បាប់។

លោកនាយករដ្ឋបាលសាលាស្រុកអង្គស្នួលបានបញ្ជាក់ឲ្យដឹងទៀតថា
ចំពោះផ្នែកខាងត្បូងវត្តដែលបណ្តាញសង្គមបានបង្ហោះនោះគឺមានព្រះសង្ឃគង់នៅចំនួន០២អង្គ ដោយមួយអង្គព្រះនាម លោកតា ប៊ួយ ព្រះជន្ន១០៧វស្សា ដែលដើមឡើយព្រះតេជគុណបានគង់នៅជាធម្មតាជាមួយព្រះសង្ឃទូទៅ ប៉ុន្តែនៅពេលមានទំនាស់ក៏បានទៅគង់នៅតែអង្គឯងនៅផ្នែកខាងត្បូង។ ហើយបច្ចុប្បន្នមានព្រះសង្ឃមួយអង្គទៀតព្រះនាម ឆេង វីដ ព្រះជន្នប្រមាណ៣៥វស្សាដែលទើបតែនិមន្តមកពីភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកគង់នៅវត្តបាសិទ្ធថ្មីៗនេះតែប៉ុណ្ណោះ។ លោកបន្តថា ចំពោះស្ថានភាពបច្ចុប្បន្នមានការធ្វើបុណ្យធ្វើទានជាធម្មតា ពុំមានការខ្វះខាតដូចការលើកឡើងតាមបណ្តាញសង្គមនោះទេ។

បើតាមការបំភ្លឺរបស់លោកអាចារ្យ និងព្រះសង្ឃព្រះនាម ឆេង វីដ បានឲ្យដឹងថា ជាធម្មតាក្នុងវត្តអារាមថ្ងៃណាមានពុទ្ធបរិស័ទច្រើនក៏ច្រើនតាមហ្នឹង ហើយថ្ងៃខ្លះក៏មានពុទ្ធបរិស័ទតិចក៏តាមហ្នឹងទៅ ប៉ុន្តែបើថាដាច់ចង្ហាន់ និងគ្មានអីឆាន់គឺមិនពិតទេ ព្រោះមានអង្គរ និងទេយ្យទានផ្សេងៗដែលពុទ្ធបរិស័ទមកប្រគេនកន្លងមក។

បើតាមលោក ស៊ីន សាវី នាយករដ្ឋបាលសាលាស្រុកអង្គស្នួលបានបញ្ជាក់ឲ្យដឹងច្បាស់ថា រដ្ឋបាលស្រុកអង្គស្នួលសូមប្រកាសច្រានចោលទាំងស្រុងចំពោះការចុះផ្សាយតាមបណ្តាញសង្គមហ្វេសបុកឈ្មោះ Kanit Nenag ដែលមានខ្លឹមសារទាំងស្រុងថា៖ «លោកតាមានព្រះជន្ម112 ព្រះរស្សា គង់នៅវត្តប្រសិទ្ធត្រង អត់មានចង្ហាន់ទេ បើតាម យាយតា គាត់យាយ លោក គង់តែ2អង្គទេក្នុងវត្ត ចឹងហើយបានជាគេមិនចែកវេន ចឹង បងអូនទាំងអស់គ្នា បើឆ្លងកាត់មកលេងភ្នំរាបភ្នំបាសិត ឆ្លៀត ចូលវត្តនិងផងកំសត់ណាស់, ប្រភពពី:userze0x44wy2p» គឺជាព័ត៌មានមិនពិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង