រដ្ឋមន្ដ្រី នេត្រ ភក្ត្រា៖ ការងារអាទិភាពដែលខ្ញុំនឹងត្រូវធ្វើការងារក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប
«ការងារអាទិភាពដែលខ្ញុំនឹងត្រូវធ្វើការងារក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងម៉េចគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ»។
នេះជាការគូសបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារ និង ទិសដៅការងារបន្ត របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា «ការធ្វើទំនើបកម្មស្ថាប័ន៤៤ថ្ងៃ កន្លងទៅនេះ យើងបានធ្វើឱ្យមានការបែងចែកតួនាទីយ៉ាងច្បាស់លាស់ពី ថ្នាក់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយក និងអគ្គនាយករងនីមួយៗ បានបែងចែកបន្ត អ៊ីចឹងម្នាក់ៗស្គាល់ពីតួនាទីរបស់ខ្លួន ដឹងថាខ្លួនត្រួវធ្វើអ្វី ទិសដៅរបស់យើងត្រូវធ្វើ ហើយនឹងអ្វីដែលយើងត្រូវធ្វើទៅមុខ និងការសហការគ្នា»។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា ទំនើបកម្មស្ថាប័ន៤៤ថ្ងៃទៅនេះ ក្រសួងក៏បានដោះស្រាយលើក្របខ័ណ្ឌជាច្រើនដូចជា រៀបចំកន្លែងអង្គុយនិងសម្ភាររបស់មន្ត្រី ទោះបីមានការខ្វះខាតនៅឡើយ ប៉ុន្តែស្ថានភាពមានលក្ខណៈប្រសើរបន្តិច ធ្វើឱ្យមន្ត្រីមានអារម្មណ៍ថា កន្លែងធ្វើការមានសុវត្ថិភាព ពេលចូលមកក្នុងក្រសួង មន្ត្រីមានអារម្មណ៍ថា ស្ថាប័នរដ្ឋដែលខ្លួនចូលធ្វើការមានមោទនភាពក្នុងជានាមមន្ត្រីរាជការ ហើយក្រសួងបានកែសម្រួលអគារ ដាក់ទង់ជាតិ និងមានកិច្ចការមួយចំនួនទៀតដែលកំពុងកែលម្អបន្ថែម។
ឯកឧត្តមបានបង្ហាញពីចំណុចសំខាន់ៗក្នុង សៀវភៅស្តីពីការដ្ឋានកំណែទម្រង់ក្រសួងព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផល នៃស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា «ថ្មីពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន» នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣-២០២៨។
គួររំលឹកថា ស្ទើរគ្រប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងថា ក្រសួងនឹងធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើបដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព៕