សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នឹងផ្តោតជាសំខាន់ទៅលើជីវភាពរបស់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នឹងផ្តោតជាសំខាន់ទៅលើជីវភាពរបស់ប្រជាពលរដ្ឋ។

ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

គួរជម្រាបថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាព ចំណី អាហារ ការប្រមូលពន្ធជាដើម។

ក្នុងពិធីខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨» ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វបី។ សត្វទាំងបីនោះគឺ៖ កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច។

សម្តេចធិបតីបានបន្តថា «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨» មិនមានចរិតបង្ខំឱ្យប្រជាពលរដ្ឋចូលរួមចុះបញ្ជីនោះឡើយ តែលើកទឹកចិត្តឱ្យចូលរួម ដើម្បីរាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ ហើយអាចដាក់កិច្ចអន្តរាគមន៍នានាបានរហ័ស និងមានប្រសិទ្ធភាព។

ជាមួយនោះ សម្តេចធិបតីបានថ្លែងទៀតថា ការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម គឺយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ពោលឈ្នះទាំងរដ្ឋ ឈ្នះទាំងម្ចាស់សហគ្រាស ហើយជាតិក៏ឈ្នះ។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធប្រឹងប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨»៕

អត្ថបទដែលជាប់ទាក់ទង