សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុវត្ថិភាពនិស្សិត និងប្រជាពលរដ្ឋនៅអ៉ីស្រាអែល គឺជាកិច្ចការអាទិភាព និងសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សុវត្ថិភាពនិស្សិត និងប្រជាពលរដ្ឋនៅអ៉ីស្រាអែល គឺជាកិច្ចការអាទិភាព និងសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល។
ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនិស្សិតខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងហាម៉ាស់។
ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិត និងពលរដ្ឋនៅអ៉ីស្រាអែល មានចំនួន ៤៥៤នាក់ ក្នុងនោះជម្លៀសទៅកន្លែងសុវត្ថិភាព ៣២៣នាក់ និងជាង១០០នាក់ទៀត មិនទាន់បញ្ជូនទៅតំបន់សុវត្ថិភាពនៅឡើយ។
គួររំលឹកថា ក្រុមពួកហាម៉ាសបានបើកការវាយប្រហារយ៉ាងគួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។
គួរជម្រាបថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាព ចំណី អាហារ ការប្រមូលពន្ធជាដើម៕