រដ្ឋមន្ត្រី នេត្រ ភក្ត្រា នឹងខិតខំកៀរគរការគាំទ្របន្ថែមពីវិស័យឯកជនដើម្បីជួយសម្រាលបន្ទុករបស់មន្ត្រីក្រសួងព័ត៌មានដែលខ្វះខាត

ក្រសួងព័ត៌មានបានគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រី​ដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជនដើម្បីជួយសម្រាលបន្ទុករបស់មន្ត្រីដែលខ្វះខាត។

ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានខាងលើនេះ ក្នុងឱកាសនៃការប្រារព្ធពិធីភ្ជុំបិណ្ឌ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសន្តិសុខ និងអ្នកបោសសម្អាតដែលមានជីវភាពលំបាកជាង២០០នាក់ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ជាមួយនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មានដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើវិស័យព័ត៌មាននៅកម្ពុជា។ ដើម្បីជាការតបស្នង ចំពោះមន្ត្រីដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុវិស័យព័ត៌មាន បន្ថែមលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាក្រសួងព័ត៌មានបានគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រីដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជនដើម្បីជួយសម្រាលបន្ទុករបស់មន្ត្រីដែលខ្វះខាត។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានដាក់ចុះនូវគោលការណ៍អនុវត្តមួយចំនួនដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់មន្ត្រីរួមមាន៖ កសាងភាពជាដៃគូជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូមេឌីក បញ្ចុះតម្លៃពេលមន្ត្រីរាជការនៃក្រសួងព័ត៌មានទទួលប្រឹក្សាវេជ្ជសាស្ត្រដោយបញ្ចុះតម្លៃ ៣០%, ការគិតគូរពីជីវភាពដោយឧបត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគមួយចំនួនជាប្រចាំខែដល់មន្ត្រីដែល្វះខាត, ការដាក់ចុះនូវគោលការណ៍ក៣ ដើម្បីជួយគាំទ្របន្ថែមដល់មន្ត្រីរាជការ ពេលសម្រាកបុត្រ ពេលរៀបអាពាហ៍ពិពាហ៍ និងពេលទទួលមរណភាព, ព្រមទាំងគិតគូរពីការផ្តល់អាហារូបករណ៍ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មានផងដែរ ព្រមទាំងបង្កើតទារកដ្ឋានសម្រាប់មន្ត្រីរាជការជាស្ត្រីដែលមានកូនខ្ចីអាចបំបោះកូន និងរៀបចំឱ្យមានបណ្ណាល័យដើម្បីកុមារតូចៗ។

ក្នុងពិធីខាងលើ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសនៃសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍសាខាងក្រសួងព័ត៌មានបានចែកអំណោយជាអង្ករនិងថវិកាមួយចំនួនដល់មន្ត្រីនៃក្រសួងព័ត៌មានផងដែរ៕​

អត្ថបទដែលជាប់ទាក់ទង