សម្ដេចតេជោ ហ៊ុន សែន៖«យើងពិតជាមានតម្រូវការនៅក្នុងការរួបរួម រវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង»

 

«យើងពិតជាមានតម្រូវការនៅក្នុងការរួបរួម រវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង»។

នេះជាការគូសបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ក្នុងសារជាសំឡេងផ្ញើជូនបណ្ដាគណបក្សនយោបាយ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ជាមួយនឹងការពេញចិត្តនូវការស្នើសុំ ក៏ដូចជាសេចក្ដីថ្លែងការណ៍នៃបណ្ដាគណបក្សនយោបាយនានា ដែលមានបំណងចងសម្ព័ន្ធភាពជាមួយនិងគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ សូមគមន៍យ៉ាងកក់ក្ដៅចំពោះគំនិតផ្ដួចផ្ដើមនូវបំណងដ៏ល្អរបស់បណ្ដាគណបក្សនយោបាយដែលបានផ្ញើនិងធ្វើសេចក្ដីថ្លែងការណ៍រួចមកហើយ។

សម្ដេចតេជោបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាព លើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាមិនព្យាយាម ដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយនឹងគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្ដេចបានគូសបញ្ជាក់បន្តថា យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំ ឯគណបក្សដទៃ ដែលមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោតតែគ្មានកៅអីក្នុងសភា ជាគណបក្សតូចតាច ឬក៏ជាគណបក្សដែលមិនសក្ដិសមធ្វើជាដៃគូនោះទេ។ យើងផ្ដល់ការគោរពចំពោះគណបក្សទាំអស់ ដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ តាមសម្ដេចដឹង ខាងរាជរដ្ឋាភិបាលបានត្រៀមទទួលយកគណបក្សចំនួន ៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។

ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ត្រៀមទទួលយកនូវដៃគូទាំងអស់ ដែលចង់រួបរួមជាមួយនិងគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ព័ន្ធភាព កិច្ចសហប្រតិបត្តិការ ដោយស្មើភាព និងស្មើសិទ្ធិ។ សម្ដេចតេជោថ្លែងទៀតថា សម្ដេចបានឱ្យក្រុមជំនួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រាងនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងគណបក្សទាំងអស់ដែលនឹងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោ នឹងជួបជាមួយ ឯកឧត្ដម លោកជំទាវ នាពេលខាងមុខ ដើម្បីពិភាក្សាទៅលើខ្លឹមសារនៃពង្រាងនៃកិច្ចព្រមព្រៀងនោះ ហើយក៏នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាផងដែរ។ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងសង្កត់ធ្ងន់ថា យើងពិតជាមានតម្រូវការនៅក្នុងការរួបរួម រវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង។ ចូលរួមជាមួយគ្នា ដើម្បីនឹងការពារនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជា កិច្ចការផ្សេងទៀត ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ឱ្យយើងទាំងអស់គ្នា ជាអ្នករួបរួមដើម្បីការពារ និយាយមួយម៉ាត់ឱ្យខ្លី យើងត្រូវការពារនូវរដ្ឋធម្មនុញ្ញរបស់យើង ហើយយើងក៏មានកាតព្វកិច្ច ដើម្បីនឹងកំចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាទៅដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជា រក្សានូវសន្តិភាព ដើម្បីធានានូវកាតអភិវឌ្ឍក្នុងរយៈពេលវែង។

សម្ដេចតេជោ ក៏បានអរគុណ ឯកឧត្ដម លោកជំទាវ ដែលបានផ្ញើសារ និងចេញសេចក្ដីថ្លែងការណ៍ ក៏ដូចជា ថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ ទុកជាមុន ដែលមិនទាន់បានផ្ញើ ឬចេញសេចក្ដីថ្លែងការណ៍ទុកជាមុនថា យើងនឹងបន្តស្វាគមន៍ជាមួយនឹងអ្នកដែលនឹងចូលរួមបន្តទៀត ហើយសង្ឃឹមថា នឹងបានជួបជាមួយ នឹងឯកឧត្ដម លោកជំទាវ នៅពេលខាងមុខ ក្នុងស្មារតីរួបរួមគ្នា ធានាដល់ផលប្រយោជន៍ប្រទសជាតិរបស់យើង និងសាមគ្គីភាព ដោយស្មើភាពនិងស្មើសិទ្ធិ រវាងគណបក្សនយោបាយទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង