រដ្ឋបាលខេត្តបាននឹងកំពុងកែប្រែឥរិយាបថជាវិជ្ជមានរបស់មន្ត្រី ពីអ្នកគ្រប់គ្រងឱ្យទៅជាអ្នកផ្តល់ ឬបម្រើសេវារដ្ឋបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព

«រដ្ឋបាលខេត្តបាននឹងកំពុងកែប្រែឥរិយាបថជាវិជ្ជមានរបស់មន្ត្រី ពីអ្នកគ្រប់គ្រងឱ្យទៅជាអ្នកផ្តល់ ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងប្រកាន់ភ្ជាប់នូវ «អភិក្រមទាំង៥ គឺ៖មុជទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់» ដោយរួមសាមគ្គីភាពសហការគ្នាយ៉ាងសកម្ម ក្នុងការផ្តល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រងដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន»។

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ក្នុងពិធីខាងលើ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានជំរុញដល់កងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់ ការពារឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាពិធីបុណ្យភ្ជុំបិណ្ឌ កឋិនទាន និងពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលខាងមុខ។

ជាមួយនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានក្រើនរំលឹកបន្ថែមដល់កងកម្លាំងទាំងបីឲ្យបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧យ៉ាង ឱ្យបានល្អប្រសើររួមមាន៖

*ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

*ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើស គ្រប់ប្រភេទ។

*ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារនិងគ្មានក្មេងទំនើង។

*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិង ប្រសិទ្ធភាព។

*ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

*ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង