រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា និងលោកជំទាវអញ្ជើញកាន់បិណ្ឌវេនទី១៤ នៅវត្តព្រះពុទ្ធឃោសាចារ្យ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្តនៃពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងពិធីជាប្រពៃណីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង លោកតា លោកយាយ និងពុទ្ធបរិស័ទជាច្រើនកុះករ។

ពិធីខាងលើនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ ធ្វើបទនមស្ការ សមាទានសីល ព្រមទាំងនិមន្តព្រះមន្ត្រីសង្ឃ និងព្រះសង្ឃចម្រើនព្រះបរិត្ត ក៏ដូចជានិមន្តព្រះធម្មកថិកសម្តែងធម៌ទេសនា អំពីអានិសង្សនៃការរៀបចំពិធីកាន់បិណ្ឌផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង បានវេរប្រគេននូវទេយ្យវត្ថុ និងចតុបច្ច័យចំពោះព្រះភិក្ខុសង្ឃគ្រប់ព្រះអង្គ ជាកិច្ចឧទ្ទិសកុសល ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង