ពលរដ្ឋប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខយកមកផ្លុងចោលនៅដីឡូតិ៍មួយកន្លែងនៅជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ក្រុងតាខ្មៅ សង្ស័យជាករណីឃាតកម្ម


ពលរដ្ឋប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខយកមកផ្លុងចោលនៅដីឡូតិ៍មួយកន្លែងនៅជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដើម្បីអន្តរាគមន៍ចុះមកពិនិត្យជាក់ស្តែង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

ប្រភពបន្តថា សាកសពមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ គ្រាន់តែតែដឹងថា ភេទស្រី  អាយុប្រហែល៤០ឆ្នាំ កំពស់១.៦០ម៉ែត្រ សក់ពណ៌ទង់ដែង សក់ស្លូត ពាក់អាវដៃខ្លី អាវក្នុងពណ៌ខ្មៅ ស្លៀកខោជើងខ្លីពណ៌ខ្មៅឆែកជើងសងខាង លីអូពណ៌ខ្មៅ ត្រចកដៃលាបពណ៌ផ្កាឈូកភ្លឺផ្លេតៗ ។

ប្រភពពីសមត្តកិច្ចបានឲ្យដឹងដែរថា.នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅវេលាម៉ោង២០៖៣០នាទី តាមបទបញ្ជា លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅបានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគទៅកន្លែងកើតហេតុភ្លាមៗដើម្បីចុះទៅពិនិត្យសាកសពកប់ក្នុងដីខាងលើ។

បើតាមការបំភ្លឺរបស់ប្រជាពលរដ្ឋថា គាត់បានប្រទះឃើញសាកសព ដេកស្លាប់កប់ក្នុងដី ចេញជើងមកក្រៅដែលស្ថិតនៅដីឡូត៍ទុកចោលជិតផ្លូវក្រវ៉ាត់ក្រុងទី៣ដែលស្ថិតភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរភូមិសង្កាត់ និងសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ។ ប្រភពបន្តថា កន្លែងកើតហេតុ សាកសពកប់ក្នុងដី ជើងផ្ងារ បាតជើងខាងស្ដាំផុតចេញពីដីមកក្រៅ សាកសពពូនខ្សាច់ពីលើ និងដាក់ដុំថ្មជុំវិញគ្មានផ្ទះប្រជាពលរដ្ឋ ចម្ងាយពីផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រហែល៣០០ម៉ែត្រ នៅខាងត្បូង។

បើតាមប្រភពពីសមត្តកិច្ចជំនាញបានឲ្យដឹងដែរថា ការពិនិត្យសាកសពមានសភាពហើមស្អុយ ស្បែកស្រោមដៃរបូតចេញ ភ្នែកខាងស្ដាំហើមប៉ោងលឹប ដៃទាំងពីររុំស្កុត ស ធ្មេញខាំអណ្ដាត គូទមានលាមក។

បើយោងតាមការសន្និដ្ឋានរបស់ពេទ្យជំនាញ ជនរងគ្រោះស្លាប់ដោយសារឃាតកម្ម។ សពត្រូវបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យជ័យជំនះដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាប្រពៃណី។

សមត្ថកិច្ចបានជម្រាបជូនថា ប្រសិនបើបងប្អូនទាំងឡាយដែលបានបាត់សមាជិកដូចមានភិនភាគដែលបានរៀបរាប់ជូនខាងលើ សូមមកបញ្ជាក់បង្ហាញហេតុផលជូនសមត្តកិច្ចយើងផង ដើម្បីសមត្តកិច្ចធ្វើការស្រាវជាវ ស្វែងរកជនដៃដល់ យកមកផ្ដន់ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង