ពលរដ្ឋបង្ហាញពីក្ដីបារម្ភជូនឯកឧត្តម ខៀវ កាញារឹទ្ឋ ខណៈល្បែងអនឡាញចូលដល់បន្ទប់ដេក និងយុវវ័យមួយចំនួនជាប់ពាក់ព័ន្ធនឹងវិដេអូរឿងអាសអាភាស

ប្រជាពលរដ្ឋផ្ញើសារជូនឯកឧត្តម ខៀវ កាញារឹទ្ឋ សមាជិករដ្ឋសភា នៃនីតិកាលទី៧ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមដោយបានបង្ហាញក្ដីបារម្ភពីកូនៗ និងយុវជនជំនាន់ក្រោយខ្លាំងណាស់ ខណៈពេលបច្ចុប្បន្នល្បែងចូលដល់ក្នុងបន្ទប់ដេកតែម្តង ហើយក្រុមយុវវ័យមួយចំនួនក៏អាចមានការជាប់ពាក់ព័ន្ធនឹងវិដេអូអាសអាភាសដោយមិនដឹងខ្លួនទៀតផង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានពីទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ខៀវ កាញារឹទ្ឋ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានបន្តថា ពីមុនពេលពួកគាត់ចង់លេង លុះត្រាតែពួកគាត់ទៅកាស៊ីណូ តែបច្ចុប្បន្នល្បែងចូលដល់ក្នុងបន្ទប់ដេកតែម្តង។ ពិសេសមនុស្សសម័យនេះ មានទូរស័ព្ទស្មាតហ្វូនស្ទើតែគ្រប់គ្នា។ ល្បែងអនឡាននេះហើយ ជាក្តីបារម្ភធំបំផុតសំរាប់គ្រួសារ និងជាតិទាំងមូល។

ប្រភពបានលើកឡើងជាសំណួរថា តើយើងមានវិធីណាដើម្បីទប់ស្កាត់ល្បែងអនឡាញ?

ប្រភពព័ត៌មានបានបន្តទៀតថា បច្ចុប្បន្នល្បែងអនឡាញនេះ កំពុងតែផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកយ៉ាងអណាធិបតេយ្យ ដូចមិនមានការទប់ស្កាត់ទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនខ្លះជួយចែករំលែកបន្តដោយមិនដឹងខ្លួន ព្រោះក្រុមអនឡាញ វាយករឿងដែលគេចាប់អារម្មណ៍ទៅកាត់ត រួចបង្ហោះលើផេករបស់ពួកវា ដើម្បីរកអ្នកចូលលេង។

ប្រភពបានលើកឡើងបន្តថា គាត់ពិតជាបារម្ភ មិនដឹងថាត្រូវជួយសង្គមតាមរបៀបណា។ ករណីមួយទៀត ក្រុមសិស្សថ្នាក់ទី៨ ឬ៩ និងក្មេងៗ មួយចំនួន កំពុងពាក់ព័ន្ធនិង វិដេអូអាសអាភាសដោយមិនដឹងខ្លួន ដែលអាចជាហេតុធ្វើពួកគាត់ដើរផ្លូវខុសទាំងក្មេង។

ប្រភពព័ត៌មានដដែលបានបន្ថែមថា លោកពូមានចាប់អារម្មណ៍ទេ ក្មេងៗសម័យនេះ មានសង្សាទាំងវ័យក្មេង ក្នុងនោះមានក្មួយស្រីគាត់ម្នាក់ដែរ។ គាត់មិនដឹងជួយគេតាមរបៀបណា ព្រោះអប់រំមិនស្តាប់៕

អត្ថបទដែលជាប់ទាក់ទង