តំណាងនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញទទួលស្វាគមន៍ការមកដល់ជើងហោះហើរពាណិជ្ជកម្មដំបូងជាប្រវត្តិសាស្ត្រនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូលនិយាយជារួម ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប រួមទាំងវិស័យឯកជនពាក់ព័ន្ធ ដែលមានសេចក្តីរំភើបឥតឧបមា នៅពេលអាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មីនេះ ចាប់ផ្តើមដំណើរការតាមការគ្រោងទុក។
ជើងហោះហើរដំបូងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ ពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងវិនិយោគិន អាកាសយានដ្ឋានមកពីខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន ។
ការសាងសង់អាកាសយានដ្ឋានដ៏ទំនើប និងមានសោភ័ណភាពយ៉ាងស្រស់បំព្រងនៅពេលនេះ។ តាមកម្មវិធីហោះហើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងទទួលបានជើង ហោះហើរចំនួន ១៦ជើង ឬស្មើនឹង ៣២ចលនាជើងហោះហើរ (ចុះចតនិងហោះឡើង) នៅក្នុងថ្ងៃនេះ ដោយជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways, PG903, ចាត់ទុកជាជើងយន្តហោះពាណិជ្ជ កម្មដំបូងបំផុត ដែលបានចុះចតនៅអាកាយានដ្ឋានដ៏ថ្មីស្រឡាងរបស់យើង។
សូមជម្រាបថា៖អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា គ្រោងនឹងដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាន សាងសង់រួចរាល់ទាន់ពេលវេលា បានចំណាយទុនវិនិយោគដល់ទៅ ១,១០០ លានដុល្លារ អាម៉េរិក គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និង កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ហើយគោលនយោបាយនេះ កំពុងបន្តពូន និងថែទាំ ដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការសាងសង់អាកាសយាន ដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដាអន្តរជាតិ និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទ ធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើងហោះហើរក្នុង តំបន់និងជើងហោះហើរឆ្ងាយៗ (Long Haul Flights)។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៩ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បានទទួលអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៣,៩លាននាក់ និងទទួលចលនាជើងហោះហើរជិត៤០ពាន់ជើង ឬ ក្នុងមួយថ្ងៃ មានចលនាជើងហោះហើរប្រមាណជាង១០០ជើង។ ទោះបីនាពេលបច្ចុប្បន្ននេះ ចលនា ជើងហោះហើរប្រចាំថ្ងៃត្រឹមតែ ៣២ ជើង ឬស្មើ ៣០% នៃឆ្នាំ២០១៩ យើងនៅសង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានលទ្ធភាព គ្រប់គ្រាន់ សម្រាប់ការទាក់ទាញជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និង បរទេស ជាពិសេសជើងហោះហើរពីប្រទេសចិន ហើយអាចវិលត្រលប់មកប្រក្រតីភាពនា ពេលឆាប់ៗខាងមុខនេះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងចូលរួម ចំណែកផងដែរ ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជា ពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃការធ្វើសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់អាស៊ាន និងពិភពលោក។
សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល ៩ ខែ ចាប់ពីខ មករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវ អាកាសបានចំនួនជិត ៣,៧ លាននាក់ កើនឡើង ១៦២% ធៀបនឹងរយៈពេលដូចគ្នា ក្នុង ឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរចំនួន ៣៧,២០០ ជើង កើនឡើង ១០២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ក្នុងដើមខែតុលា ឆ្នាំ២០២៣នេះ ប្រតិបត្តិការ ហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិនិងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យម មានចលនាជើងហោះហើរចំនួន ៨៥០ ជើងក្នុងមួយសប្តាហ៍ ចេញនិងចូលអាកាសយានដ្ឋាន អន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន ៣០ ក្រុម ហ៊ុន ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង តំបន់ រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។ និយាយជារួមសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬ ស្តារ ឡើងវិញ បានជិត ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូរីដ-១៩៕ ប្រភព៖ ទទក