គណៈមេធាវីកម្ពុជាបានដាក់ចេញទិសដៅ១៥ចំនុចដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី
គណៈមេធាវី នៃព្ររាជាណាចក្រកម្ពុជាបានរៀបចំមហាសន្និបាតប្រចាំ លើកទី២៨ របស់ខ្លួនដើម្បីដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងប្រគល់គ្រឿងកិត្តិយសជូនដល់មេធាវី ដែលមានស្នាដៃក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធ៌ម ដោយមានការចូលរួម ពីសមាជិក គណៈមេធាវីចំនួន ១៥៥៦នាក់។
នាឱកាសនោះ ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រារព្ធមហាសន្និបាត នៅពេលនេះ មានគោលបំណងធំៗ ចំនួន២ជាចម្បងគឺ៖ ទី១៖ រាយការណ៍ជូន សហភាតាអំពីវឌ្ឍនភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈមេធាវីក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ និង ទី២៖ ការបំពាក់គ្រឿងកិត្តិយសគណៈមេធាវីនព្រះរាជាណាចក្រកម្ពុជាជូនសហភាតា។
ឯកឧត្តមបានបន្តថា ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវីគណៈមេធាវី ដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២៤ ចំនួន១៥ចំនុចសំខាន់ៗ៖
*ទី១៖ ស្រាវជ្រាវ និងពិភាក្សា លើការបង្កើតយន្តការ ផ្តល់សេវាសន្ធានការី ក្នុងក្របខ័ណ្ឌគណៈមេធាវីដល់សាធារណជន ដើម្បីពង្រីកសេវាកម្ម របស់វិជ្ជាជីវៈមេធាវី។
*ទី២៖ បន្តយកចិត្តទុកដាក់ដល់សុខទុក្ខនិងសុខុមាលភាពរបស់មេធាវី ដែលមានវ័យចាស់ ។
*ទី៣៖ បង្កើតកម្មវិធីជួយដល់មេធាវីវ័យក្មេងដែលទើបចេញប្រកបវិជ្ជាជីវៈក្រោម ៣ឆ្នាំ ។
*ទី៤៖ បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការ។
*ទី៥៖ សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តការងាររបស់មេធាវីប្រចាំរដ្ឋបាលរាជធានីខេត្ត។
*ទី៦៖ ដាក់ឱ្យអនុវត្តគម្រោង ”មេធាវីដល់មូលដ្ឋាន” ដើម្បីផ្សព្វផ្សាយពីតួនាទីរបស់មេធាវី និងបញ្ជ្រាបចំណេះដឹងផ្លូវច្បាប់ជូនមេភូមិ អាជ្ញាធរឃុំ សង្កាត់ អាជ្ញាធរក្រុង ស្រុក ខណ្ឌ។
*ទី៧៖ បន្តពិនិត្យនិងពិភាក្សាលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពនៃសង្គមនិងផលប្រយោជន៍នៃវិជ្ជាជីវៈមេធាវី។
*ទី៨៖ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី និងសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវីឱ្យមានប្រសិទ្ធភាពខ្ពស់។
*ទី៩៖ បន្តពិនិត្យនិងការពារមេធាវីនៅក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន។
*ទី១០៖ បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់និងវិធានវិជ្ជាជីវៈមេធាវី និងសិក្សាឡើងវិញអំពីយន្តការដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី។
*ទី១១៖ បន្តកិច្ចពិភាក្សានិងដោះស្រាយបញ្ហានៃការអនុវត្តសិទ្ធិរបស់មេធាវី នៅដំណាក់កាលនគរបាលយុត្តិធម៌។
*ទី១២៖ បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់។
*ទី១៣៖ បន្តផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនិងការទទួលស្គាល់តួនាទីរបស់មេធាវីក្នុងសង្គម ទាំងលើឆាកជាតិនិងអន្តរជាតិ។
*ទី១៤៖ បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្តុះបណ្តាលជាប្រចាំសិក្ខាសាលា ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសាកលភាវូបនីយកម្ម។
*ទី១៥៖ បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបានកាន់តែប្រសើរឡើង។ដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។
បន្ថែមលើពីនេះទៅទៀត ឯកឧត្តម លី ចន្ទ័តុលា ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ដែលក្នុងឆ្នាំនេះនិងឆ្នាំក្រោយ គណៈមេធាវីទទួលបានថវិកាចំនួន២ ៦០០លានរៀលពីកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ សម្រាប់ចំណាយលើការការពារក្ដីជូនជនក្រីក្រ។ក្រៅពីនោះក៏បានផ្តល់ជូនគណៈមេធាវីនូវកិច្ចគាំពារផ្នែករដ្ឋបាលសាលសិក្សានិងបន្ទប់ការិយាល័យសម្រាប់បណ្តុះបណ្តាលសិស្សមេធាវីនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្របតាមអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ មានប្រសាសន៏លើកឡើងថា៖ ក្រសួងយុត្តិធម៌បានកំពុងរៀបចំ យន្តការ ថ្នាក់ជាតិ ដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ នៅពេលខាងមុខផ្តល់ផល ប្រយោជន៍ មួយចំនួន គឺកាត់បន្ថយការ កកស្ទះសំណុំ រឿងក្តីនៅតុលាការ ,ជួយពង្រឹង សេវាដោះស្រាយវិវាទ ឲ្យខិតទៅជិតប្រជាពលរដ្ឋ ជាពិសេសបង្កើតភាព សុខុដុមរមនា នៅក្នុងសហគមន៍។យន្តការថ្នាក់ជាតិ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ក៏មានការចូលរួមចំណែក បំ ពេញការងារពីសំណាក់គណៈមេធាវីដែរ៕