លោកផ្កាយ២ ម៉ៅ ច័ន្ទមធុរិទ្ធ ចេញបញ្ជាឲ្យអ្នកលេងហ្វេសប៊ុកឈ្មោះ Khorn Leang ប្រញាប់ប្រញាល់កែតម្រូវព័ត៌មានជាបន្ទាន់ ក្រោយគេបង្ហោះសារថា គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់ ដេញវាយម្ចាស់រថយន្តស្លាប់

បន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Khorn Leang បានសរសេរខ្លឹមសារបង្ហោះថា «គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់ ដេញវាយម្ចាស់រថយន្តស្លាប់ រឿងដែលមិនគួរកើត គ្រាន់តែជិះឡានសាចទឹក ខ្ទាតត្រូវម៉ូតូ ធ្វើឲ្យភាគីខាងម៉ូតូខឹង ក៏ជិះម៉ូតូដេញស្ទាក់វាយ តៃកុងឡានបណ្ដាលឲ្យបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្ថិតនៅភូមិពករុក ស្រុក ជុំគិរី ខេត្តកំពត។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះបានស្លាប់ នៅមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣»។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតក៏បានចេញប្រតិកម្មសរសេរសារនៅលើទំព័រហ្វេសប៊ុកឈ្មោះ «ស្នងការដ្ឋាននគរបាលខេត្តកំពត» ដើម្បីធ្វើការឆ្លើយតបនិងបានបញ្ជាឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Khorn Leang ខាងលើ ប្រញាប់ប្រញាល់ធ្វើការកែតម្រូវជាបន្ទាន់ភ្លាមៗផងដែរ។

បើតាមសំណេររបស់លោកផ្កាយ២ស្នងការបានលើកឡើងថា «ម្ចាស់ Facebook ដែលមានឈ្មោះ Khorn Leang ធ្វើការកែតំម្រូវករណីនេះឡើងវិញជាបន្ទាន់ជៀសវាងការភាន់ច្រលំនិងធ្វើអោយប៉ះពាល់ដល់សន្តិសុខរបស់ខេត្តកំពត។ ករណីនេះជនរងគ្រោះពិតជារស់នៅក្នុងភូមិខ្ពករុន ឃុំស្រែចែង ស្រុកជុំគីរីពិតប្រាកដមែន តែករណីហិង្សានេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២ រសៀល នៅភូមិឫស្សីមួយគុម្ព ឃុំអូសារាយ ស្រុកត្រាំងកក់ខេត្តតាកែវ ។ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទើរពេទ្យរុស្សី ហើយជនរងគ្រោះបានទទួលមរណៈភាពកាលពីយប់មិញ ហើយសពត្រូវបានយកមកដល់ស្រុកជុំគីរីនៅវេលាម៉ោង១១ យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ។ សូមម្ចាស់ Facebook ឈ្មោះ Khorn Leang កែតម្រូវពត៏មាននេះជាបន្ទាន់ »៕

 

អត្ថបទដែលជាប់ទាក់ទង