ឃាត់ខ្លួនឃាតករជាប្រុសស្នេហ៍ដែលសម្លាប់នារីជាអតីតសង្សារនៅខណ្ឌសែនសុខបានហើយ ខណៈបានព្យាយាមរត់គេចខ្លួនដល់ក្រុងបាវិត ខេត្តស្វាយរៀង
សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានហើយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលឃាតករបានធ្វើសកម្មភាពកាប់ជាច្រើនកាំបិតទៅលើនារីជាអតីតសង្សារដល់ផ្ទះនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩៖៣០នាទី មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនល្មើស ជាអតីតសង្សារ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់សម្លាប់ស្រ្តីខាងលើ បណ្ដាលឱ្យស្លាប់នៅក្នុងផ្ទះ ស្ថិតនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។ លុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋានខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕