មរតកសន្តិភាពគឺជាឬសកែវនៃដួងព្រលឹងជាតិខ្មែរដែលបានរស់រានឡើងវិញ, ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋរបស់យើង
«មរតកសន្តិភាពគឺជាឬសកែវនៃដួងព្រលឹងជាតិខ្មែរដែលបានរស់រានឡើងវិញ។ ការចុះបញ្ជីដី ធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋរបស់យើង។ ការបំពេញការងារក្នុងអាណត្តិទី៧នេះ គឺបន្តមរតកនៃសមិទ្ធផលនៃរដ្ឋបុរសរបស់កម្ពុជាយើង ហើយមន្ត្រីជំនាញទាំងអស់ត្រូវរួមសហការសាមគ្គីគ្នាក្នុងការបំពេញការងារដែលពាក់ព័ន្ធទៅលើការងារដីធ្លី និងធ្វើយ៉ាងណាឱ្យការចេញបណ្ណកម្មសិទ្ធិដីធ្លីក្នុងខេត្តកំពង់ចាមចប់សព្វគ្រប់បានឆាប់រហ័ស មុននឹងឈានដល់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ»។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិនិត្យ និងជំរុញការចុះបញ្ជីដីធ្លីរបស់មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តគូសបញ្ជាក់ថា «ការចុះបញ្ជីដីធ្លី គឺជាការផ្តល់នូវសិទ្ធិសុវត្ថិភាពផ្លូវច្បាប់នៃការកាន់កាប់លើអចលនទ្រព្យដោយស្របច្បាប់ជូនដល់ប្រជាពលរដ្ឋយើង ដូចនេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ត្រូវធ្វើការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីអបអរសាទរខួប៤០ឆ្នាំនៃការចុះបញ្ជីដីធ្លី»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបាបន្តថា ការចុះបញ្ជីដីធ្លី គឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋរបស់យើង។ ដូចនេះយើងត្រូវធ្វើការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
ជាមួយនោះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ គឺជាគំនិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានរៀបចំធ្វើឡើងតាំពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញបណ្ណផ្ដល់សិទ្ធិឯកជនលើអចលនទ្រព្យជូនប្រជាពលរដ្ឋលើកទី១ ដែលរហូតមកដល់ឆ្នាំ២០២៣នេះ នឹងឈានដល់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋពីមន្ត្រីរៀបចំដែនដី នគររូបនីយកម្ម និងសំណង់យើង។
គួរជម្រាបជូនថា នៅក្នុងកិច្ចប្រជុំខាងលើនោះដែរ ក៏មានការចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរ អស់លោកជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អស់លោកជាអភិបាលក្រុង ស្រុកទាំង១០ មេឃុំ ចៅសង្កាត់ទាំង១០៩ និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ជាច្រើនរូបផងដែរ៕