រដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីផ្សព្វផ្សាយផែនការការងារឆ្ពោះទៅមុខ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយផែនការការងារឆ្ពោះទៅមុខ ជូនដល់ថ្នាក់ដឹកនាំកម្រិតបច្ចេកទេស និងមន្ត្រីជំនាញ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំផ្ទៃក្នុងនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីផ្សព្វផ្សាយផែនការការងារ ដែលបានរៀបចំសម្រាប់ការអនុវត្ត ហើយជាការតម្រង់ទិសការងារបន្ថែមទៀតដែលស្របជាមួយទស្សនវិស័យ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសលើការអនុវត្តក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត។
គួរជម្រាបថា កិច្ចប្រជុំនារសៀលនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំកម្រិតនយោបាយ ថ្នាក់ដឹកនាំកម្រិតបច្ចេកទេស និងមន្ត្រីជំនាញ សរុបប្រមាណចំនួន ១១០នាក់៕