រដ្ឋសភានៃប្រទេសកម្ពុជា ឡាវ និងវៀតណាមជំរុញឱ្យមានការខិតខំទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អភិវឌ្ឍន៍ជាប់ព្រំប្រទល់គ្នា
រដ្ឋសភានៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានជំរុញឱ្យមានការខិតខំទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អភិវឌ្ឍន៍ជាប់ព្រំប្រទល់គ្នា ខណៈនៅតំបន់ត្រីកោណនេះ ទទួលបានគម្រោងអភិវឌ្ឍន៍ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ការបើកច្រកទីផ្សារ ដែលលើកកម្ពស់ដល់ទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាជននៃ ប្រទេសទាំងបីនេះ។
ការជំរុញលើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ ធ្វើឡើងក្នុងពេលរដ្ឋសភានៃប្រទេសទាំងបី ជួបប្រជុំពិភាក្សាគ្នាក្នុងក្របខ័ណ្ឌគណៈកម្មការជំនាញ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចព្រមព្រៀង និងការអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលអនុម័តដោយរដ្ឋាភិបាលនៃប្រទេសទាំងបីនាឆ្នាំកន្លងទៅមានដូចជា៖ ជំរុញកំណើនឧស្សាហកម្មដំណាំកៅស៊ូ វិស័យកសិកម្ម និងទេសចរណ៍ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងអំពើជួញដូរគ្រឿងញៀន ការពន្លឿនគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់ជាប់ព្រំដែន ពន្លឿនការកាត់បន្ថយភាពក្រីក្រ ជាដើម។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់លើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍តំបន់ត្រីកោណដូចជាយន្តការនៃការទូទាត់ប្រាក់ ដើម្បីជួយសម្រួលពាណិជ្ជកម្មឆ្លងដែនក្នុងតំបន់ត្រីកោណ, ការលើកទឹកចិត្តបង្កើតផ្សារនៅតាមព្រំដែនដើម្បីជំរុញពាណិជ្ជកម្ម, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនឱ្យបានដាច់ខាត ខណៈគម្រោងវិនិយោគចំនួន២៧គម្រោងរបស់វៀតណាម នៅខេត្តក្នុងតំបន់ត្រីកោណ ទើបតែដំណើរការបានត្រឹម១០គម្រោងប៉ុណ្ណោះ ស្របពេលគម្រោងវិនិយោគវារីអគ្គិសនី សេសាន២ ក្នុងទំហំទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុនចិនចំនួន៨០០លានដុល្លារអាមេរិក ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបានដល់៤០០មេហ្កាវ៉ាត់ ផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ និងបញ្ជូនមួយភាគតូចទៅខេត្តរតនគិរី និងគម្រោងទឹកស្អាតដែលជាជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទុនវិនិយោគ១៣លានដុល្លារ បាននិងកំពុងអនុវត្តតាមផែនការ។
ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានឯកភាពចំពោះការលើកឡើងរបស់តំណាងរដ្ឋសភាកម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអភិវឌ្ឍមណ្ឌលសុខភាពក្នុងតំបន់ត្រីកោណ ព្រមទាំងការជំរុញឱ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង និងស្របគ្នាក្នុងប្រទេសទាំងបី។
ចំណែក ឯកឧត្តម Linkham DOUANSAVANH ប្រធានគណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវ គាំទ្រឱ្យមានការវិនិយោគពីភាគីវៀតណាម ដោយឯកឧត្តមថ្លែងថា ភាគីឡាវ ក៏ដូចជាភាគីកម្ពុជា តែងតែបើកចំហ និងជួយសម្រួល ហើយគាំទ្រការវិនិយោគលើវិស័យកសិកម្ម នៅក្នុងតំបន់ត្រីកោណ។
គួររំឭកថា តំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវ វៀតណាម កាលពីឆ្នាំ១៩៩៩ ក្នុងគោលបំណងអភិវឌ្ឍន៍ផែនការមេស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គម ធនធានសក្តានុពល ព្រមទាំងរចនាសម្ព័ន្ធរួម និងដោយឡែកនៅក្នុងខេត្តជាប់ព្រំដែននៃ ប្រទេសទាំងបី ដែលនៅកម្ពុជាមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី។ ចំណែកឯប្រទេសឡាវ មានខេត្តចំប៉ាសាក់ អាតាពើ សេកុង សារាវ៉ាន់ និងប្រទេសវៀតណាមវិញ មានខេត្តកូនទុំ ចាឡៃ ប៊ិញភឿក ដាកឡាក់ និងដាកណង៕