រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ «នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាននឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា»
«នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជនទៅពិភពលោក។ ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សំភារៈ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាននោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួមក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបាន ដាក់ឱ្យដំណើរការឡើងវិញនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។ កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។
ខាងលើនេះជាការគូសបញ្ជាក់របស់ឯឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មានចំនួនជាង១០០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នាអគារសេរីភាព ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ។ ឯកឧត្តមបន្តថា ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តនូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។
ជាមួយនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកពីកិច្ចការងារគាំពារមន្រ្តី និងអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មានព័ត៌មាន បានសហការជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព ដោយគ្រាន់តែអ្នកសារព័ត៌មានអញ្ជើញទៅ បង្ហាញកាតដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន ។
បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយបានចុះបញ្ជីរនៅក្រសួងព័ត៌មាន មានចំនួនប្រមាណ៥០០អាជ្ញាបណ្ណ, វិទ្យុFM មានជាង២២១ ស្ថានីយ៍ នៅទូទាំងប្រទេស , ស្ថានីយ៍ទូរទស្សន៍មាន២១ ប៉ុស្ត៍ ទូរទស្សន៍ខ្សែកាបមានជាង ៩០ប៉ុស្ត៍, សារព័ត៌មានអនឡានមានចំនួនជាង៩០០អាជ្ញាបណ្ណ តែមានបងប្អូនមួយចំនួនទៀតបានប្រតិបត្តិការ ការងារសារព័ត៌មាន ដោយមិនចុះបញ្ជីត្រឹមត្រូវ។ ដូច្នេះសូមមកចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីប្រតិបត្តិការ ការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន៕