ឧត្តមសេនីយ៍ឯក ហោ សំអាត បើកកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពការងារស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ 

 

អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពការងារស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត បានថ្លែងថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីពិភាក្សាគ្នាលើវឌ្ឍនភាពការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងប្រមូលធាតុចូល បញ្ហាប្រឈម និងសំណូមពរពីមន្ត្រីជំនាញ សំដៅធ្វើយ៉ាងណាឱ្យកម្មវិធី ក៏ដូចជាការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃអាចដំណើរការដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរជម្រាបជូនថា អង្គប្រជុំបានរួមគ្នាពិនិត្យលើវឌ្ឍនភាពការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងផ្ដល់យោបល់លើចំណុចខ្វះខាត ក៏ដូចជាការងារសេសសល់ ដែលត្រូវសហការគ្នាដោះស្រាយ និងអនុវត្ត ព្រមជាមួយនឹងការលើកឡើងពីបញ្ហាបច្ចេកទេស និងការងារទូទៅផ្សេងៗទៀត។

ឯកឧត្តមអគ្គនាយកបានបន្ថែមថា ដើម្បីឲ្យការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដំណើរការទៅបានដូចការរំពឹងទុក ការបែងចែកទំនួលខុសត្រូវរបស់មន្ត្រីទៅតាមផ្នែក និងជំនាញរៀងខ្លួន គឺមានសារៈសំខាន់ ដើម្បីឱ្យមន្ត្រីជំនាញពាក់ព័ន្ធអាចសហការគ្នាអនុវត្តការងារ និងរួមគ្នាធានានូវនិរន្តរភាពការងារ។

ជាមួយនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានលើកទឹកចិត្ត និងសំណូមពរឱ្យមន្ត្រី និងក្រុមការងារពាក់ព័ន្ធរួមគ្នាបំពេញការងារជាគ្រួសារតែមួយ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ ដើម្បីឱ្យការងារទទួលបានលទ្ធផលល្អ និងបម្រើផលប្រយោជន៍រួម ជូនក្រសួងមហាផ្ទៃ និងអង្គភាព៕

 

អត្ថបទដែលជាប់ទាក់ទង