កូនប្រុសតិរច្ឆានចិត្តអប្រិយទាញពូថៅដៃពុះក្បាលម៉ែបែកធ្លាយខួរ ត្រូវប៉ូលិសខេត្តសៀមរាបចាប់វ៉ៃខ្នោះភ្លាមៗ

កូនប្រុសចិត្តតិរច្ឆានម្នាក់បានយកពូថៅកាប់ពុះទៅលើក្បាលម្ដាយបង្កើតបណ្ដាលឲ្យបែកធ្លាយខួរចេញខាងក្រៅរងរបួសធ្ងន់កាលពីវេលាម៉ោង១១៖៤៩នាទី ថ្ងៃ២២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ចាប់ឃាត់ខ្លួនបានភ្លាមៗ។

ជនសង្ស័យត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រយ:ពេល៦ឆ្នាំពីឆ្នាំ២០១៣-២០១៩ បានយកពូថៅកាប់ទៅលើជនរងគ្រោះដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើ រហូតដល់ចេញខួរក្បាលមកខាងក្រៅ។ ជនរងគ្រោះឈ្មោះ សេក អង ភេទ ស្រី អាយុ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនល្មើស រស់នៅផ្ទះជាមួយគ្នា។នេះបើតាមរបាយការណ៍បញ្ជាក់របស់លោកវរសេនីយ៍ទោ ហ៊ន បូវុធ អធិការនគរបាលស្រុកក្រឡាញ់។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីបានធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីពេទ្យខេត្តសៀមរាបដើម្បីព្យាបាល។លុះដល់ម៉ោង១៧៖៣០នាទី នៅថ្ងៃខែឆ្នាំដដែល មានប្រជាពលរដ្ឋបានប្រទះឃើញជនសង្ស័យអង្គុយនៅដំបូកវាលស្រែខាងលិច ភូមិខ្នារជើង ឃុំក្រូចគរ ហើយបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូចគរបានឃាត់នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់តែម្ដង។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើម្ដាយបង្កើតរបស់ខ្លួនចំនួន១ពូថៅ ចំត្រង់ក្បាលពិតប្រាកដមែន ដោយមូលហេតុ ម្ដាយបានយកកណ្ដៀវលាក់ទុក មិនឲ្យខ្លួនទៅច្រូតស្មៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង