ប៉ូលិសឃាត់ខ្លួនឪពុកបង្កើតភ្លាមៗ ក្រោយប្រទះឃើញសពកូនប្រុសស្លាប់ស្អុយរលួយនៅក្នុងផ្ទះ លើឡៅតឿ
បុរសជាឪពុកម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនភ្លាមៗក្រោយប្រទះឃើញសពកុមារម្នាក់ដែលបានបាត់ខ្លួនអស់រយះពេល៣ថ្ងៃ រហូតអ្នកក្បែរខាងធំក្លិនស្អុយនៅវេលាម៉ោង១៥៖៥០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសាច់ញាតិសពកុមាររងគ្រោះបានអះអាងថាបន្ទាប់ពីមានអ្នកក្បែរខាងធំក្លិនស្អុយ ក៏បានឡើងទៅមើលលើឡៅតឿបន្ទប់ទឹក ក៏ប្រទះឃើញក្មេងប្រុសអាយុ ២ឆ្នាំ ដែលបានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃកន្លងមកហើយ រកមិនឃើញទាល់តែសោះ ភ្លាមៗនោះក្រុមគ្រួសារសាច់ញាតិបានទាក់ទងទៅសមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យដើម្បីធ្វើកោសល្យវិច័យ។
ប្រភពព័ត៌មានបន្តថា បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា និងបានហៅក្រុមគ្រួសារទាំងអស់មកសាកសួរអំពីហេតុការណ៍មុនកុមាររងគ្រោះបានបាត់ខ្លួន។ តាមរយៈការស្រាវជ្រាវយ៉ាងល្អិតល្អន់ អាជ្ញាធរសមត្ថកិច្ចបានសម្រេចដាក់ការសង្ស័យបឋមលើបុរសជាឪពុកដែលមានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ យកទៅសួរនាំនៅវេលាម៉ោ៖៣៤នាទីរសៀលថ្ងៃដដែល ព្រោះមានចំណុចគួរឱ្យសង្ស័យច្រើន។
បើតាមប្រភពពីសាច់ញាតិបានឲ្យដឹងថា អ្នកសម្លាប់គឺគ្មាននរណាក្រៅពីឪពុកគេទេ ព្រោះប្រើប្រាស់សារធាតុញៀន និងតែងស្រឡាញ់កូនស្រីខ្លាំងជាងកូនប្រុស ទើបបានជាប្រើអំបើហិង្សាលើកូនប្រុសដែលរូបគេមិនពេញចិត្ត និងដោយសារថ្នាំញៀនធ្វើទុក្ខផង រូបគេបាត់ម្ចាស់ការលើខ្លួនឯងតែម្ដង។
ប្រភពព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា បើតាមស្ថានភាពសាកសពកុមាររងគ្រោះ អាចនឹងត្រូវឃាតករចាប់់បោកក្បាលទង្គិចនឹងរបស់រឹងធ្ងន់ធ្ងរ ទើបរូបគេស្លាប់យ៉ាងអណោចអធម៌យ៉ាងដូច្នេះ៕