នាយករដ្ឋមន្ត្រីកម្ពុជា៖ ប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានការថែទាំសុខភាពដ៏ល្អប្រសើរ និងមានមន្ទីរពេទ្យល្អៗជាបន្តបន្ទាប់

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ពីពេលនេះទៅថ្ងៃខាងមុខរដ្ឋាភិបាលកម្ពុជាគឺស្ថិតនៅជាមួយនឹងប្រជាជនជានិច្ច ជាមួយនឹងជំនឿជឿជាក់ថា ប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានការថែទាំសុខភាពដ៏ល្អប្រសើរ និងមានមន្ទីរពេទ្យល្អៗជាបន្តបន្ទាប់។

ថ្លែងនៅក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ជីវិតពលរដ្ឋត្រូវដើរមុនអ្វីៗទាំងអស់» ដូច្នេះហើយទើបរដ្ឋាភិបាល ចាត់ទុកមនុស្សគឺជាអ្នកដែលត្រូវយកចិត្តទុកដាក់ជាសំខាន់ដំបូងក្នុងយុទ្ធសាស្ត្របញ្ចកោន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ជាមួយនឹងការសម្ពោធនូវមន្ទីរពេទ្យថ្មីនៅថ្ងៃនេះក៏ជាការដើម្បីត្រៀមឆ្លើយតបទៅនឹងជំងឺរាត្បាតថ្មីណាមួយនាថ្ងៃអនាគត ដើម្បីធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ដោយរដ្ឋាភិបាលកម្ពុជានឹងមិនខ្លាចក្នុងការចំណាយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង