ឯកឧត្តម លី ច័ន្ទតុលា ចុះជួយតម្រង់ទិសសិស្សានុសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិចំនួន១៣៩នាក់ នៅវិទ្យាល័យអីជិយីគិ វាលពង់
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់វាលពង់ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងតម្រង់ទិសសិស្សានុសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ចំនួន ១៣៩នាក់ នៅវិទ្យាល័យ អ៊ីជិយីគិ វាលពង់ ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា បាននាំយកពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងបានរំលឹកពាក្យពេចន៍ដ៏មានតម្លៃរបស់ ឯកឧត្តម ហ៊ុន ម៉ានី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹងមកបម្រើការងារក្នុងភូមិឋានរបស់ខ្លួនវិញ ។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ក្រុមការងារជូនកាបូបដែលមានដាក់ប៊ិច បន្ទាត់ក្នុងនោះ និងថវិកាសម្រាប់សិស្សត្រៀមប្រឡង ចំនួន ១៣៩នាក់ ក្នុងម្នាក់ចំនួន ៣ម៉ឺនរៀល សរុប ៤,១៧០,០០០រៀល ព្រមទាំងមានសម្ភារៈសិក្សារួមមាន សៀវភៅ ប៊ិច ជូនដល់សិស្ស ចំនួន ១២៤៥នាក់ ក្នុងវិទ្យាល័យទាំងមូល។
ជាមួយនោះ ឯកឧត្តមប្រធានបានថ្លែងថា ដើម្បីជាការរំលឹកជារៀងរាល់ថ្ងៃពីគំនិតមូលដ្ឋានទាំងពីរឃ្លារួមមាន៖ «ខ្ញុំមិនខ្ជិលដាច់ខាត» និង «ធ្វើអ្វីធ្វើឲ្យល្អបំផុត» ក្រុមការងារបានធ្វើជា បដា និងយកទៅបិតនៅតាមថ្នាក់រៀន ក្នុងវិទ្យាល័យដែលមានចំនួន២៣ថ្នាក់ ។
ទន្ទឹមនោះ ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងអំណរគុណ និងជូនពរដល់លោកគ្រូ អ្នកគ្រូដែលស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នដល់សិស្សត្រៀមប្រឡង មានសុខភាពល្អ ព្រមទាំងជូនពរសិស្សានុសិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អទាំងអស់គ្នា៕