រដ្ឋមន្រ្តី ឈាង រ៉ា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល «ក្រុម ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងថ្លែងអំណរគុណដល់ផ្នែកឯកជនទាំងអស់ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមក

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធនានាដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយដ្ឋានគយ និងរដ្ឋាករជាដើម ជាមួយសភាពាណិជ្ជកម្មផ្នែកឯកជនវិស័យសុខាភិបាល ក្រុមការងារ «ក្រុម ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមាន ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េង សហប្រធានសភាពាណិជ្ជកម្ម ផ្នែកឯកជនវិស័យសុខាភិបាល ជាអ្នកតំណាង។

កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ដើមី្បពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពនៃកិច្ចសហការររបស់វិស័យឯកជន ក្នុងវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់ផ្នែកឯកជនទាំងអស់ ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមករួមមាន ការបើកសេវាកម្មពិគ្រោះយោបល់ ការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ ការចុះបញ្ជិកាសម្ភារៈបរិក្ខារពេទ្យ និងឱសថជាដើម ដែលបាន និងកំពុងចរាចរផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងបានចូលរួមក្នុងការបំពេញសេចក្តីត្រូវការក្នុងការការថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េង សហប្រធានសភាពាណិជ្ជកម្ម ផ្នែកឯកជនវិស័យសុខាភិបាល បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារ «ក្រុម ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានជួបប្រជុំ និងពិភាក្សាជាមួយឯកឧត្តមសាស្ត្រាចារ្យ និងក្រុមការងាររបស់ក្រសួងសុខាភិបាល។

លោកបានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅយ៉ាងផុលផុសដោយភាគីទាំងអស់ បានពិគ្រោះ និងពិភាក្សាស្វែងយល់ពីការលំបាក ភាពរាំងស្ទះ ដោយបានជួយផ្តល់នូវដំណោះស្រាយ និងចម្លើយលើវិធីសាស្ត្រសមស្រប ដែលធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឈរលើមូលដ្ឋាននៃការគោរពច្បាប់ និងបទបញ្ញត្តិជាធរមាន ជាពិសេសត្រូវតែគិតគូដល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋជាចំបង និងដោយត្រូវមានតម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់។

តំណាងវិស័យឯកជនបានថ្លែងអំណរគុណ ចំពោះឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារក្រសួងសុខាភិបាលដែលបានផ្តល់ចម្លើយ ការបំភ្លឺក្បោះក្បាយ និងផ្តល់នូវដំណោះស្រាយសមស្រប ដោយគិតគូពីសុខភាព និងសុវត្ថិភាព របស់ប្រជាជនកម្ពុជាយើង ព្រមទាំងបញ្ជាក់ពីជំហរឯកភាព និងគាំទ្រលើយន្តការសម្របសម្រួល និងដំណោះស្រាយដែលបានលើកឡើងដោយភាគីក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ព្រមទាំងសន្យាថានឹងលើកយកចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះទៅផ្សព្វផ្សាយរបាយការណ៍ ជូនក្រុមការងារ «ក្រុម ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្ទាប់ពីទទួលបានរបាយការណ៍ដែលបានការឯកភាពរួមគ្នា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ក្រុមការងារផ្នែកឯកជនវិស័យសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល រួមគ្នាស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា សំដៅបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង