នាយករដ្ឋមន្ត្រីកម្ពុជាណែនាំឲ្យក្រសួងពាក់ព័ន្ធរៀបចំពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ឱ្យបានអធិកអធម ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធម ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ ប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អ។
ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅទីស្ដីការនាយករដ្ឋមន្ដ្រី (វិមានសន្ដិភាព) ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជា តែងតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិជារៀងរាល់ឆ្នាំ នាថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ដែលចាប់ផ្តើមធ្វើការតស៊ូតាមផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។
ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់សន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និង១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែលព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ភាគរយ ជូនជាតិមាតុភូមិ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។
ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តម នៃការទាមទារឯករាជពីអាណានិគមបារាំងនេះ វិមានឯករាជ្យត្រូវបានកសាង និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតា របស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យនេះ ក៏ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ផងដែរ។
ដោយឡែកសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក បើតាមគណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងផែនការណែនាំរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងទៀតថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី៕