ឯកឧត្ដម គង់ សោភ័ណ្ឌ ណែនាំគ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់
អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ បានណែនាំគ្រប់អនុគណៈកម្មការទាំងអស់ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវរៀបចំកន្លែងស្នាក់នៅជូនដល់ចំណុះទូកទាំងអស់ឲ្យបានសមរម្យ ត្រឹមត្រូវ ល្អប្រសើរ ប្រកបដោយអនាម័យ។
ការណែនាំរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសួនច្បារច្រមុះជ្រូក មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
គួរជម្រាបជូនថា ទូកសរុបចំនួន៧៣ទូក ក្នុងនោះ ទូកខ្នាតអន្តរជាតិនារី ចំនួន០២ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន៣២ទូក, ទូកអុំបុរសចំនួន៣៤ទូក និងទូកចែវបុរសចំនួន៥ទូក ចំណុះទូកសរុបចំនួន៤,១៥២នាក់។
ជាមួយនោះ ឯកឧត្ដមអភិបាលខេត្តកណ្ដាលបានណែនាំដល់កងកម្លាំងទាំងបីត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះនិងត្រូវប្រចាំការជាប្រចាំដើម្បីធ្វើឲ្យពិធីប្រណាំងទូកឆ្នាំនេះកាន់តែសប្បាយរីករាយនិងល្អប្រសើរ។
គួរជម្រាបជូនថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលនេះក៏បានអញ្ជើញដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង និងលោកមេបញ្ជាការវរៈ៦០៥ រួមទាំងមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីអុំទូកក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ផងដែរ៕