រាជរដ្ឋាភិបាលកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិគ្រឿងញៀន ដើម្បីប្រសិទ្ធភាព និងទម្ងន់ក្នុងការបង្ក្រាប ទប់ស្កាត់
«ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធភាព និងទម្ងន់ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន និងផ្តោតនៅក្នុងការយកចិត្តទុកដាក់នៅក្នុងការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឱ្យអស់ពីកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន។
សម្តេចធិបតីបានបញ្ជាក់បន្តថា «នៅក្នុងអាណត្តិទី៧នេះ យើងបានកែរសម្រួលរចនាសម្ព័ន្ធដឹកនាំក៏ដូចជា ក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសម្រេចកែរតែម្តង ហើយការកែរនេះមិនត្រឹមតែតម្លើងកម្រិតអ្នកដឹកនាំទៅជាកម្រិតឧបនាយករដ្ឋមន្ត្រីទេ ថែមទាំងមានឧបនាយករដ្ឋមន្ត្រីសរុប៤នាក់ នៅក្នុងយន្តការនេះ»។ សម្តេចបានបន្តទៀតថា ក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនមានដូចជា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើឱ្យមានទម្ងន់ធ្ងន់ ដើម្បីបញ្ចេញសារជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទម្ងន់នេះស្មើនឹងការទទួលខុសត្រូវ និងអតិភាពរបស់រាជរដ្ឋាភិបាល ដោយផ្តោតនៅក្នុងការយកចិត្តទុកដាក់នៅក្នុងការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ដែលនេះគឺជាអ្វីដែលយើងបានខិតខំប្រឹងប្រែងធ្វើ។
សម្តេចធិបតីបន្តថា ពិតណាស់ហានិភ័យពីគ្រាប់មីន ហានិភ័យពីសង្គ្រាមយើងលែងមានហើយ ប៉ុន្តែហានិភ័យពីនៃការព្រួយបារម្ភរបស់ប្រជាពលរដ្ឋពីរឿងបញ្ហាសុខសុវត្តិភាព សន្តិសុខសង្គមគឺជារឿងសំខាន់ បញ្ហាគ្រឿងញៀន បញ្ហាបងធំបងតូច និងបញ្ហាល្បែងស៊ីសង គឺជាកង្វល់របស់ប្រជាពលរដ្ឋ ដែលនេះគឺជាវិធានការគន្លឹះ និងមាននៅក្នុងយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ និងមានគ្រប់ដណ្តប់បន្តពីយុទ្ធសាស្ត្រចតុកោណ ក្នុងនោះគោលនយោយបាយរបស់កម្ពុជា គឺមានធំ ហើយបានអនុវត្តច្រើនអាណត្តិមកហើយ ហើយនឹងអនុវត្តបន្តទៅទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ក៏មានសារៈសំខាន់ដូចគ្នាដែរ ហើយដើម្បីឱ្យភូមិឃុំមានសុវត្ថិភាព យើងត្រូវតែបន្តពង្រឹងយន្តការនេះ ហើយកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលបានបំពេញភារកិច្ចបានល្អនៅក្នុងមូលដ្ឋាន សូមបន្តខិតខំបន្ថែមទៀត និងបន្តដោះស្រាយបញ្ហាដែលប្រឈមបន្ថែមទៀតផងដែរ៕