ចាប់ឃាត់ខ្លួនមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ, មេបញ្ជាការស្រុកភ្នំស្រួច និងអាវុធហត្ថសរុប៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងអាវុធហត្ថសរុបចំនួន៦នាក់ ជាបន្ដបន្ទាប់បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ក្រោយរកឃើញពាក់ព័ន្ធករណីទទួលផលបទល្មើសគ្រឿងញៀន។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា កាលពីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធីដោយរាយការណ៍ជូន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។
នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើស ចំនួន៦រូប ដែលជានាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រីបន្ដថា តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង៦រូបនេះ ពុំមានផ្ទុកសារធាតុញៀន ដូចសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ។ មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ «ការសម្ងាត់ នៃការស៊ើបអង្កេត»។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានអះអាងថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
គួរជម្រាបថា នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលចាប់ខ្លួននោះ ទី១៖ វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, ទី២៖ វរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងអាវុធហត្ថក្រោមឱវាទចំនួន៤នាក់ផ្សេងទៀត សរុបចំនួន៦នាក់៕