ឯកឧត្តម ឯម ច័ន្ទមករា ៖ យើងត្រូវរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហឹង្សា និងការរំលោភបំពាន

រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តបានយ៉ាងពេញលេញនូវ អនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដោយកំពុងចាត់គ្រប់វិធានការណ៍ ដើម្បីប្រែក្លាយសិទ្ធិដែលមានចែងក្នុងអនុសញ្ញាឱ្យក្លាយជាការពិត ដើម្បីធានានិងលើកស្ទួយសមិទ្ធផលពេញលេញ នូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់សម្រាប់ជនមានពិការភាព ដោយគ្មានការរើសអើងចំពោះជនមានពិការភាពណាមួយឡើយ រួមទាំងស្រ្តីនិងកុមារមានពិការភាព។ នេះជាការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនមានពិការភាពបានលើកឡើងថា បន្ទាប់ពីក្លាយទៅជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាពកម្ពុជាបានធ្វើការងារជាបន្តបន្ទាប់ដើម្បីជំរុញដល់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ ក្រៅពីនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនមានពិការភាពបានសហការជាមួយដៃគូអភិវឌ្ឍនានា រួមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីបង្កើន ការយល់ដឹងអំពីការងារពិការភាព សេវាជំនួយផ្លូវច្បាប់ដល់មន្ត្រីយុត្តិធម៌ និងជនមានពិការភាព សំដៅធានាដល់ការទទួលស្គាល់ភាពស្មើគ្នាចំពោះ មុខច្បាប់ ការទទួលបានយុត្តិធម៌ សិទិ្ធសេរីភាព និងសន្តិសុខបុគ្គល ព្រមទាំងសិទ្ធិចាកផុតពីការធ្វើបាបឬការធ្វើអំពើ ឃោរឃៅអមនុស្សធម៌ ឬបន្ទាបបន្ថោក ឬការដាក់ទារុណកម្មលើជនមានពិការភាពជាដើម។

ឯកឧត្តម ឯម ច័ន្ទមករា បន្ថែមថា៖ «យើងត្រូវរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហឹង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ»។

តំណាងរដ្ឋមន្ត្រីសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ក៏បានបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួនរបស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។

បន្ថែមលើសពីនេះ ជនមានពិការភាពកម្ពុជាក៏មានសិទ្ធិទទួលបានព័ត៌មាន សិទ្ធិទទួលការគោរពសិទ្ធិជាបុគ្គល ការគោរពលំនៅដ្ឋាន និងគ្រួសារ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលការមើលថែសុខភាព និងស្តារលទ្ធភាពពលកម្ម សិទ្ធិទទួលបានការងារនិងមុខរបរ ដើម្បីមានជីវភាពសមរម្យ រួមទាំងកិច្ចគាំពារសង្គមដែលកំពុងត្រូវបានអនុវត្ត។

តំណាងឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ចថា៖ «ជារួមជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិយ៉ាងពេញលេញ ដូចមានចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងបានបញ្ចូលទាំងសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ និងសាធារណៈដែល ធ្វើឱ្យជនមានពិការភាពរស់នៅក្នុងសង្គម មានសមភាពចំពោះមុខច្បាប់ ដូចជនដែលមិនមានពិការភាព»។

គួរឲ្យដឹងផងដែរថា ព្រះរាជាណាចក្រកម្ពុជាយើងក៏បានផ្ដល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣៕

អត្ថបទដែលជាប់ទាក់ទង