ក្រុមការងារតាមដានការដោះស្រាយសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋ បានការដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនី

ក្រុមការងារតាមដានការដោះស្រាយចំពោះសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋ បានចេញរបាយការណ៍លទ្ធផលការងារក្នុងរយៈពេល៩ខែ (ពីខែមករា ដល់ខែកញ្ញា) ដោយបញ្ជាក់ថា ចំពោះមតិយោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនីក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៥៩៦គណនី ក្នុងនោះ២៥៦គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។

ដោយឡែក ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋក៏បានបញ្ជាក់ជូនផងដែរអំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២កន្លងទៅនេះមានចំនួន ៣៥៤គណនី។ មកដល់ពេលនេះ ក្រុមការងារពាក់ព័ន្ធបានបន្តដំណើរការដោះស្រាយបានចំនួន១២៣គណនីបន្ថែមទៀត និងករណីកំពុងបន្តការដោះស្រាយមានចំនួន២៣១គណនី។

សម្រាប់ករណីដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ក្រុមការងារនៅតែបន្តប្រឹងប្រែងរួមគ្នាចូលរួមដោះស្រាយ ដោយហេតុថាករណីខ្លះមានភាពស្មុគស្មាញ និងត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ។ ដោយឡែក ពាក់ព័ន្ធនឹងសំណូមពរ សំណួរ និងបញ្ហាដែលមិនស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រុមបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

វឌ្ឍនភាពការងារដែលអាចសម្រេចបានទាំងនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារដែលបានអនុវត្តការងារតាមដាន ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកកន្លងមក សំដៅរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង