ព្រះអគ្គីលេបផ្ទះពលរដ្ឋអស់មួយខ្នងនៅខណ្ឌដង្កោ ព្រោះតែឆ្លងចរន្តអគ្គីសនី ខណៈប៉ូលិសប្រើប្រាស់ឡានទឹក១០គ្រឿង

 

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅសាលាខណ្ឌដង្កោ និងគោលដៅមុខវត្តបុទុមវត្តី ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប និងរថយន្តព្រលានយន្តហោះ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង២០ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ឈើលើថ្មក្រោម ទំហំ (៥ម៉ែត្រ គុណ ៨ម៉ែត្រ) បានឆេះផ្ទះ មួយខ្នងអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់បន្ថែមថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ រឺឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង