រដ្ឋមន្ដ្រី ឈាង រ៉ា បន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៤»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៤ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទដែលមានសមាសភាពចូលរួមសរុបចំនួន ១,៩១៦នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

គោលបំណងនៃមេរៀនក្នុងសប្តាហ៍នេះ គឺឈានចូលដល់គន្លឹះសំខាន់ទី១ក្នុងចំណោមគន្លឹះទាំង៧របស់វគ្គបណ្តុះបណ្តាល ដែលសំដៅឆ្លុះបញ្ចាំងក្នុងការវាយតម្លៃខ្ពស់នូវសារៈសំខាន់នៃការអនុវត្តការងារដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃវិធីសាស្រ្តដោះស្រាយបញ្ហា ដោយផ្តោតលើការវិភាគបញ្ហា និងបញ្ជាក់ឱ្យបានច្បាស់អំពីមូលហេតុរបស់គំនិត ដែលផ្តួចផ្តើម ព្រមទាំងការផ្គុំគន្លឹះពិសេសៗនៃបញ្ហាជុំគ្នាដើម្បីដោះស្រាយ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលសប្តាហ៍នេះបានបន្ថែមសមាសភាពចូលរួមរហូតដល់អនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង