ឯកឧត្តម គង់ សោភ័ណ្ឌ បានប្រាប់ភាគីកូរ៉េថា ខេត្តកណ្ដាលគឺជាខេត្តដែលមានសក្ដានុពលមួយក្នុងចំណោមរាជធានី-ខេត្តនៅក្នុងប្រទេសកម្ពុជា

អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាបញ្ជាក់គោលបំណងចងសម្ព័ន្ធមិត្តភាពរវាងរដ្ឋបាលខេត្តកណ្ដាល និងទីក្រុង Jeungpyeong-Gun នៃសាធារណរដ្ឋកូរ៉េ  ដឹកនាំដោយលោក Lee Jaeyoung អភិបាលក្រុង និងគណៈប្រតិភូ នៅសាលប្រជុំសាលាខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក Lee Jaeyoung អភិបាលក្រុង Jeungpyeong-Gun និងគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ ដែលបានមកជួបពិភាក្សាការងារ និងចុះហត្ថលេខាបញ្ជាក់គោលបំណងចងសម្ព័ន្ធមិត្តភាពរវាងរដ្ឋបាលខេត្តកណ្ដាល និងទីក្រុង Jeungpyeong-Gun។

ជាមួយនោះ ឯកឧត្តមអភិបាលខេត្តបានស្នើដល់គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េជំរុញនិងនាំអ្នកវិនិយោគមកវិនិយោគនៅខេត្តកណ្ដាល ព្រោះថាខេត្តកណ្ដាល គឺជាខេត្តដែលមានសក្ដានុពលមួយក្នុងចំណោមរាជធានី-ខេត្តនៅក្នុងប្រទេសកម្ពុជា ហើយខេត្តកណ្ដាលមានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានសក្ដានុពលទាំងធនធាន និងសមត្ថភាព ដែលជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគទាំងអស់មកវិនិយោគនៅខេត្តកណ្ដាល មានឱកាសក្នុងការប្រាក់ចំណេញបានផងដែរ។

លោក Lee Jaeyoung អភិបាលក្រុង Jeungpyeong-Gun នៃសាធារណរដ្ឋកូរ៉េ បានថ្លៃអំណរគុណដល់រដ្ឋបាលខេត្តកណ្ដាល ដែលបានទទួលយ៉ាងកក់ក្ដៅរាក់ទាក់ និងបានសន្យាថានឹងគៀងគរកអ្នកវិនិយោគ មកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន សំដៅជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ផងដែលថា៖ “ជំនួបពិភាក្សានេះ មានគោលបំណងផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការ ដោយលើកកម្ពស់មិត្តភាព រវាងគ្នា ឈរលើមូលដ្ឋានទស្សនកិច្ចទៅវិញទៅមក ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា កសិកម្ម វប្បធម៌ អប់រំ និង អប់រំកាយជាដើម ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍនៃភាគីទាំងពីរ”។

បន្ទាប់ពីពិភាក្សាការងារ និងចុះហត្ថលេខារួចមក គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញទៅទស្សនកិច្ចសិក្សានៅព្រលានយន្តហោះថ្មី ភ្នំពេញអន្តរជាតិ តេជោក្រុងតាខ្មៅ ដែលកំពុងសាងសង់លើទឹកដីខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង