ជិះម៉ូតូឌុបព្រះសង្ឃ២អង្គខ្វះការប្រុងប្រយ័ត្នប៉ះចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាល៤អង្គ-នាក់

យុវជនម្នាក់បើកបរម៉ូតូឌុបព្រះសង្ឃ២អង្គខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅប៉ះចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសទាំងសងខាង ត្រូវបាននគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូB312 ភូមិអង្វះ១០០ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តព្រៃវែងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងថា ភាគីបង្កមានឈ្មោះ ប៉ាន់ កុសល ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រួមដំណើរដោយព្រះសង្ឃ២អង្គ ព្រះនាម វ៉ន បុន ព្រះជន្ម១៧ព្រះរស្សា គង់នៅវត្តក្រចាប់ រងរបួសធ្ងន់ និងមួយអង្គទៀតព្រះនាម អួក បញ្ញា ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តក្រចាប់ រងរបួសស្រាល។ ដោយឡែកភាគីរងគ្រោះមានឈ្មោះ ស៊ាន ចន្ថី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអង្វះ១០០ ឃុំអន្សោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង រងរបួសស្រាល។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅវេលាកើតហេតុ ឈ្មោះ ប៉ាន់ កុសល បានបើកបរម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 សេរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GF-8176 ឌុបព្រះសង្ឃ ២អង្គ ក្នុងទិសដៅពីទិសខាងត្បូងទៅជើង ដោយស្ថានភាពល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ក៏បានកៀរដៃចង្កូតម៉ូតូឈ្មោះ ស៊ន ចន្ថី ភេទប្រុស អាយុ ៣៥ ឆ្នាំ បណ្ដាលឱ្យដួលរងរបួសធ្ងន់ស្រាលទាំងសងខាង ។

ប្រភពបន្តទៀតថា ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលស្រុកកំពង់ត្របែក បានចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែក វត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង