សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្រិតនយោបាយត្រូវតែនិយាយ ដើម្បីបង្ហាញអំពីគោលនយោបាយជូនប្រជាពលរដ្ឋ
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្រិតនយោបាយត្រូវតែនិយាយបង្ហាញអំពីគោលនយោបាយឱ្យប្រជាពលរដ្ឋបានយល់ដឹង ។ ការចុះជួបកម្មករ-និយោជិតជាបន្តបន្ទាប់មកនេះគឺដើម្បីសួរសុខទុក្ខផងនិងដើម្បីផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតនៅតាមរោងចក្រសហគ្រាសដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹងនិង ក្រុងតាខ្មៅខេត្តកណ្តាលនាព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣នេះ ។ ការលើកឡើងនេះក៏ជាការឆ្លើយតបទៅកាន់អ្នកលើកឡើងមួយចំនួនថា ក្នុងរយៈពេល២ខែមកនេះឃើញតែនាយករដ្ឋមន្រ្តីដើរនិយាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំឃើញមានការលើកឡើងមួយចំនួនថានាយករដ្ឋមន្ត្រី ២ខែនេះឃើញតែនិយាយសុទ្ធ ហ្អាកកម្រិតនយោបាយត្រូវតែនិយាយដាក់ចេញនូវគោលនយោបាយបើមិនឱ្យយើងប្រាប់ប្រជាពលរដ្ឋម្ចាស់ប្រទេសថា រាជរដ្ឋាភិបាលត្រូវធ្វើអីជូនឱ្យបងប្អូនត្រូវធ្វើម៉េច បងប្អូនជឿជាក់មកលើរាជរដ្ឋាភិបាល ។ កម្រិតនយោបាយត្រូវតែ និយាយបង្ហាញអំពីគោលនយោបាយឱ្យប្រជាពលរដ្ឋបានយល់ដឹង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការចុះជួបកម្មករ-និយោជិតជាបន្តបន្ទាប់មកនេះ គឺដើម្បីសួរសុខទុក្ខផងនិងដើម្បីផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ការងារអ្វីមួយត្រូវធ្វើតាមជំហានតាមកម្រិតដែលត្រូវរៀបចំផែនការនិងរៀបចំ គោលនយោបាយជាដើម ដោយមិនមែនចេះតែធ្វើនោះទេ។ គោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញគឺមានភាពច្បាស់លាស់ ជាក់ស្តែងនិយមដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសពោលគឺមិនមែនកញ្ឆក់កណ្តៀតដូច អ្នកអង្គុយក្នុងបន្ទប់បួនជ្រុងរិះគន់នោះទេ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេសហេតុដូច្នេះហើយរាជរដ្ឋាភិបាលមានបំណងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនពោលគឺរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ដើម្បីជាប្រទីបដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនេះហើយគឺជាកម្រិតនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវដាក់ចេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចុះជួបប្រជាជនដោយផ្ទាល់គឺជារឿងដ៏សំខាន់ក្នុងនាមជាប្រមុខដឹកនាំប្រទេស ។ នាយករដ្ឋមន្រ្តីត្រូវដាក់ចេញនូវគោលនយោបាយ និង ផែនការដល់រដ្ឋមន្រ្តីដែលត្រូវយកទៅអនុវត្តន៍។ នាយករដ្ឋមន្រ្តីក៏មានកាតព្វកិច្ចដើម្បីជម្រាបជូនដល់បងប្អូនៗដែលជាម្ចាស់ប្រទេសអំពីគោលនយោបាយនិងផែនការអភិវឌ្ឍប្រ ទេសជាតិ គោលនយោបាយបម្រើប្រជាជន ។
សម្តេចបន្តថា ក្នុងរយៈពេល២ខែនេះយើងបានកសាងផែនការដោយជួបផ្ទាល់សិក្សាផ្ទាល់ជាមួយគ្រប់ភាគីទាំងអស់ទាំងសហគ្រាសទាំងកម្មករ កម្មការិនីទាំងបងប្អូនប្រជាពលរដ្ឋមកជាមួយនឹងវិស័យឯកជនផ្សេងៗរោងចក្រផ្សេងៗទាំងអស់។ ដូចនេះការផ្សព្វផ្សាយនេះសំខាន់ណាស់ដើម្បីឱ្យបងប្អូនជឿជាក់៕