ប៉ូលិសឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូបាន២នាក់

កម្លាំងនគរបាលស្រុកភ្នំព្រឹកបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីលួចម៉ូតូរបស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣ នៅចំណុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ស្លែ អត់អាវ ពាក់ស្លាកលេខបន្ទាយមានជ័យ 1A-0170 របស់ជនរងគ្រោះឈ្មោះ រស់ សំបូរ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អាវ ប៊ុនឈីត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបឹងធុង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មុខរបរកម្មករមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានសាកសួរជនសង្ស័យឈ្មោះ អាវ ប៊ុនឈីត កម្លាំងសមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ អៀង ម៉េងសៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកសិករ នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ។

សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ស្លែ អត់អាវ ពាក់ស្លាកលេខបន្ទាយមានជ័យ 1A-0170។ ក្រោយសមត្ថកិច្ចសាកសួររួចរាល់ ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន រួចបានយកទៅលក់។

បច្ចុប្បន្នជនសង័្សយខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង