រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជម្រុញដល់មន្ទីរព័ត៌មានខេត្តកំពង់ធំត្រូវគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ
ឯកឧត្តម នេត្រ ភក្ត្រា បានជម្រុញដល់មន្ទីរព័ត៌មានត្រូវគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។
ការជម្រុញរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងកិច្ចប្រជុំពង្រឹងការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋមន្ត្រីណែនាំឲ្យមន្ទីរព័ត៌មានខេត្តត្រូវបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួសមន្រ្តីដែលចូលនិវត្តន៍។ ឯកឧត្តមបន្តថា ជាមួយគ្នានេះ ធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរព័ត៌មាន ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តកំពង់ធំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីឲ្យដើរតួនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន៕