ប៉ូលិសឃាត់ខ្លួនមនុស្សជាង១០០នាក់នៅក្លឹបកម្សាន្តមួយកន្លែងនៅខណ្ឌចំការមន

កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអគ្គស្នងការដ្ឋាននគរបាលជាតិចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណ១០៣នាក់ ដោយបានបញ្ជូនទៅធ្វើការសាកសួរ ខណៈសង្ស័យទាំងនេះជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ នៅវេលាម៉ោង ២៖១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្លឹប១កន្លែង យីហោ NUMBER 9 BASSAC LIVE DJS – DANCE FLOOR នៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមរបាយការណ៍បឋមបានឱ្យដឹងថា មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ១០៣នាក់ មានទាំងខ្មែរ និងជនបរទេសនិងបានដកហូតគ្រឿងសម្ភារមួយចំនួន រួមមាន៖ ប៉ោងប៉ោងរីករាយទំហំធំចំនួន០៤ និងតូចៗផ្សេងទៀតជាច្រើន, បំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយចំនួន០៤បំពង់ធំ។

ប្រភពព័ត៌មានបានបន្តថា ខណៈនោះ សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១០៣នាក់ទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង