Update: សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបក្លឹបកម្សាន្ត២ទីតាំងក្នុងរាជធានីភ្នំពេញ ដែលប្រើប្រាស់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង ឃាត់មនុស្សចំនួន២៤៧នាក់
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៤៧នាក់ (ស្រី៨៥នាក់) ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន ១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។
ការបង្ក្រាបក្លឹបកម្សាន្តទាំង២ទីតាំងនេះ ដោយមានការសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
*ទីតាំងទី១៖ នៅក្លឹបឈ្មោះណាំប៊ឺរណាញ(Number 9) ស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស ១០៥នាក់ ស្រី៤១នាក់ ក្នុងនោះ ម្ចាស់ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ ៣នាក់ និងភ្ញៀវ ១០៤នាក់ មានជនបរទេស ២៣នាក់ ស្រី៥នាក់ (ចិនតៃវ៉ាន់ ៩នាក់(ស្រី១), កូរ៉េ ៩នាក់, វៀតណាម ២នាក់(ស្រី), ហ្វីលីពីន ១នាក់(ស្រី), អាមេរិក ១នាក់(ស្រី), អង់គ្លេស ១នាក់)។ ចាប់យកបាន ដបឧស្ម័នធំៗ (ផ្ទុកឧស្ម័នណាយទ្រៅសអុកសៃ) ចំនួន ១២ដប និងប៉េងប៉ោងមួយចំនួនទៀតផង។
* ទីតាំងទី២៖ ៖ នៅក្លឹបឈ្មោះ DRIP 13 ស្ថិតនៅផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់មនុស្ស ១៤២នាក់ ស្រី៤៧នាក់ ក្នុងនោះ មេការ-បុគ្គលិក ៣២នាក់ និងភ្ញៀវ ១០៩នាក់ មានជនបរទេស ៩នាក់(វៀតណាម ៧នាក់(ស្រី២), កូរ៉េ១នាក់, អាហ្វ្រិក១នាក់) បានចាប់យកបំពង់ឧស្ម័ន ១បំពង់ និងប៉េងប៉ោងមិនទាន់ផ្លុំមួយចំនួនធំ (ប៉េងប៉ោងដែលបញ្ចូលឧស្ម័នហើយ ពួកវាចាក់ទម្លុះចោលអស់)។
បច្ចុប្បន្នមនុស្សចំនួន ២៤៧នាក់ កំពុងឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ ធ្វើតេស្តរកសារធាតុញៀន ស្រាវជ្រាវបង្ក្រាបបន្ត និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានអំពាវនាវដល់សារធារណជន ពិសេសយុវជន យុវនារី សូមមេត្តា កុំប្រើប្រាស់ កុំសាកល្បងប្រើប្រាស់ ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យសោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។
សូមសារធារណជន ពិសេសយុវជនចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីរក្សាសុខមាលភាព សុខភាព និងអនាគតកូនចៅយើងទាំងអស់គ្នា ដោយរាយការណ៍ពីរាល់ទីតាំងដែលមានស្តុកទុក លក់ចែកចាយសារធាតុ Nitrous Oxide (Happy balloon )។
នាយឧត្តមសេនីយ៍បន្តថា ក្នុងពេលឆាប់ៗនេះ ឧស្ម័នប្រភេទនេះនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ហាមឃាត់ ខណៈនៅបណ្ដាប្រទេសផ្សេងៗ ដូចជាប្រទេសអូស្ត្រាលី បើចែកចាយប្រើប្រាស់ឧស្ម័ននេះ នឹងត្រូវផ្ដន្ទាទោស២ឆ្នាំ-៥ឆ្នាំ។ ចំណែកឯនៅប្រទេសហូឡង់ កំពុងដាក់បញ្ចូលក្នុងច្បាប់ ឯនៅប្រទេសអង់គ្លេស ត្រូវបានហាមឃាត់៕