នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់អនុសាសន៍ ៨ចំណុច ដើម្បីពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ
នៅក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី១០ (៦ វិច្ឆិកា ២០២៣) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍៨ចំណុច ដើម្បីពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ រួមមាន៖
១៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត អនុវត្តផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ និងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ ពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង។
២៖ ក្រសួងព័ត៌មាន ត្រូវណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន អ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមជួយផលិតកម្មវិធី រឿងអប់រំខ្លីៗ និងចម្រៀងដែលទាក់ទងនឹងប្រធានបទ ប្រព័ន្ធស្បៀង អាហារូបត្ថម្ភនិងការប្រែប្រួលអាកាសធាតុ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន។
៣៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹង និងពង្រីកការស្រាវជ្រាវ និងផ្សព្វផ្សាយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងផ្តោតលើការធ្វើពិពិធកម្មកសិកម្ម ផលិតកម្មស្បៀងអាហារដែលសម្បូរសារជាតិចិញ្ចឹម និងការពារផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់ប្រជាជន។
៤៖ ក្រសួងបរិស្ថាន ត្រូវបន្តអនុវត្តនិងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ជីវភាព និងបង្កើនអាហារូបត្ថម្ភប្រជាសហគមន៍មូលដ្ឋាន តាមរយៈ “អភិរក្ស និងគ្រប់គ្រងតំបន់ការពារធម្មជាតិប្រកបដោយចីរភាព និងអភិវឌ្ឍគាំទ្រសហគមន៍អេកូទេសចរណ៍” ដោយរៀបចំឱ្យមានសហគមន៍អេកូទេសចរណ៍ផ្តល់សេវាល្អ ចងក្រងរបៀងសហគមន៍អេកូទេសចរណ៍ តាមរយៈការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានានិងបង្កើនការងារបៃតងផ្សេងៗទៀត តាមសហគមន៍មូលដ្ឋាន និងបន្តជំរុញយុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ និងសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ព្រមទាំងជំរុញការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យមានកំណើនបៃតង ធានាឱ្យមានការការពារបរិស្ថាន និងសេវាប្រព័ន្ធបរិស្ថាននិងប្រព័ន្ធស្បៀង។
៥៖ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀង ការផ្ដល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែសម្រាប់ស្តារការដាំដុះឡើងវិញក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានានិងជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើនប្រាក់ចំណូល និងប្រាក់សន្សំ។
៦៖ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងប្រព័ន្ធស្បៀង សុវត្ថិភាពម្ហូបអាហារ “ចាប់ពីកសិដ្ឋានទៅដល់កន្លែងបរិភោគ ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែចង្វាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារនិងធានាថា រាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយជាសាធារណៈដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។
៧៖ ក្រសួងផែនការត្រូវសហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលនិងវិស័យឯកជន ដើម្បីរៀបចំគោលនយោបាយអាហារបញ្ចូលមីក្រូសារជាតិ និងបន្តផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់អាហារបញ្ចូលមីក្រូសារជាតិឱ្យបានទូលំទូលាយ និងពង្រីកការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ។
៨៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារជាសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន៕