នាយឧត្តមសេនីយ៍ សៅ សុខា បានទម្លាយការពិតជុំវិញការមិនបន្តកិច្ចសន្យាជាមួយលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានទម្លាយការពិតជុំវិញការមិនបន្តកិច្ចសន្យាជាមួយលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដែលជាអ្នកគ្រប់គ្រង និងរៀបចំការប្រកួតបាល់ទាត់លីគកំពូល និងលីគទី២កម្ពុជា។
ខ្លឹមសារ ដែលឯកឧត្តម សៅ សុខា បានទម្លាយហេតុផលនេះ គឺនៅលើ Comment លើផេកហ្វេសហ៊ុក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានខ្លឹមសារទាំងស្រុងលើ៤ចំណុចថា៖
ខ្ញុំសូមជម្រាបអស់លោក លោកស្រីដែលកំពុងខ្វល់ខ្វាយ និងការមិនបន្តកិច្ចសន្យាជាមួយគាត់ដោយសារមូលហេតុដូចតទៅ៖
*១៖ គាត់ (លោក Satoshi Saito) បានសន្យាយើង ក្នុង១រដូវកាលគាត់រកអ្នកឧបត្ថម្ភឲ្យបានយ៉ាងតិច ៣.០០០.០០០ $ សម្រាប់ការរៀបចំការប្រកួតCPL។ យើងត្រូវផ្តល់ប្រាក់ខែឲ្យគាត់រាប់សែនដុល្លារ មានន័យថា យើងជួលគាត់មកដោយសារយើងឃើញគាត់ជាជនជាតិជប៉ុនស្រាប់យើងជឿគាត់។
*២៖ ដើម្បីមានលុយជួលគាត់ យើងបង្កើតក្រុមហ៊ុន League ដោយបង្កើតភាគហ៊ុនម្ចាស់ភាគហ៊ុនជាច្រើន គឺជាម្ចាស់ក្លឹប ដែលមានក្រុមលេងក្នុង CPL។ ផ្ទុយទៅវិញ គាត់មិនអាចរកអ្នកឧបត្ថម្ភបាន តាមការសន្យា គាត់មកចាយលុយយើងដែលខ្ញុំផ្ទាល់ជាអ្នករកអ្នកឧបត្ថម្ភចាប់ពីឆ្នាំ ២០១៨ មកពីក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ៥០០.០០០ $ មួយឆ្នាំ។ យើងប្រគល់លុយនឹងឲ្យទៅគាត់ បូកបន្ថែមលើថវិកា ដែលបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុន League ទៀត ។ តើអ្នកcomments ប្រើពាក្យសោកស្តាយ អ្នកមានសមត្ថភាពដកចេញ ទុកមនុស្សល្ងង់ទាមទារឲ្យប្រធានបាល់ទាត់លាលែងទៅ។ ខ្ញុំសួរអស់លោកថា យើងជួលគាត់ឲ្យមកជួយយើងសំខាន់រឿងរកលុយ ជាថ្នូរនឹងប្រាក់ខែរាប់សែនដុល្លារដើម្បីអភិវឌ្បបាល់ទាត់។ ចុះគាត់ចាយលុយយើងអស់ គាត់រកលុយមិនបាន ហើយបើរកបានបន្តិចបន្តួច នោះក៏គាត់ប្រើឈ្មោះខ្ញុំដែរ។
*៣៖ ឥឡូវ ខ្ញុំជួលក្រុមហ៊ុនអន្តរជាតិឲ្យធ្វើអូឌីតការចំណាយ លទ្ធផល និងចេញហើយ និងប្រកាសជាផ្លូវការតើគាត់ចំណាយត្រឹមត្រូវតាមគោលការណ៍ថវិការឬអត់?
*៤៖ ឥឡូវ អស់លោក Comments ឲ្យខ្ញុំ សៅ សុខា ប្រធានបាល់ទាត់លាលែង ខ្ញុំនឹងប្រកាសលាលែងតាមការចង់បានរបស់អស់លោក។ ខ្ញុំសូមជម្រាបជូន ខ្ញុំមិនមែនសុំមកធ្វើប្រធានបាល់ទាត់ដោយខ្លួនឯងទេ តែមុនឆ្នាំ ២០០៦ ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ ដែលដាំស្មៅមានតែពហុកីឡដ្ឋានជាតិតែមួយគត់ តើសព្វថ្ងៃមានប៉ុន្មាន? ជម្រើសជាតិប្រកួតម្តងៗចាញ់គេលើសពី១០ ទល់នឹងសូន្យ ក៏មានដែរ។ កីឡាករគ្មានប្រាក់ខែ គ្មាន League គ្មានការរៀបចំប្រកួតអន្តរជាតិ។ ម៉្យាងទៀត កីឡាបាល់ទាត់ក្នុងមួយក្រុម ដែលចេញទៅប្រកួតនៅក្រៅប្រទេសចំនួន ៣៤នាក់ សំបុត្រយន្តហោះតាមឆ្ងាយជិត បើគ្មានចាប់ពី ១០០.០០០ $ឡើងទៅទេ មិនអាចចេញដំណើរបានឡើយ មុននឹងចេញទៅប្រកួតត្រូវប្រមូលផ្តុំហ្វឹកហាត់ តម្លៃហូបចុកក្នុង ១ ថ្ងៃ ៥០.០០០ រៀលម្នាក់ នៅសម្ភារតើត្រូវចំណាយប៉ុន្មាន? តើបានលុយមកពីណា? តើអ្នកណាជាអ្នករកលុយនោះ? កុំច្រឡំ លុយរដ្ឋមានមិនបាន១០%នៃការចំណាយសរុបផង។ កុំយកកីឡាផ្សេងមកប្រៀបធៀបនឹងកីឡាបាល់ទាត់ ចំនួនមនុស្សក៏ខុសគ្នា ហេដ្ឋារចនាសម្ព័ន្ធក៏ខុសគ្នា ការចំណាយក៏ខុសគ្នា។ ខ្ញុំគ្មានប្រយោជន៍ជាលុយកាក់ មុខមាត់អីពីបាល់ទាត់នោះទេ ខ្ញុំមានតែលះបង់ និងចំណាយ សូមកុំច្រឡំ មុននឹងនិយាយដល់ឈ្មោះខ្ញុំ សូមមើលកិច្ចការដែលខ្ញុំប្រឹងធ្វើនោះផង ខ្ញុំមិនល្ងង់ឡប់ ហើយក៏មិនមែនមនុស្សបំផ្លាញជាតិដែរ។
គួររម្លឹកថា ក្រុមហ៊ុនខេមបូឌាន ព្រីមៀរលីគ (Cambodian Premier League-CPL) បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយក្រុមហ៊ុនខេមបូឌានមៀលីគនឹងធ្វើការកំណែទម្រង់លើរចនាសម្ព័នម្ចាស់ភាគហ៊ុនឲ្យមានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន។ កំណែទម្រង់នេះគឺធ្វើឡើងដើម្បីឲ្យក្លិបជាសមាជិកមានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ។ នៅក្នុងកំណែរទម្រង់នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀលីគមិនបន្តកុងត្រាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ក្រោយកុងត្រា គាត់ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២៣នេះ ដោយក្រុមប្រឹក្សាភិបាលបច្ចុប្បន្នទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក នាយកប្រតិបត្តិ នាយកទីផ្សារ នាយកបច្ចេកទេស…ឲ្យទៅក្រុមប្រឹក្សាភិបាលថ្មីក្រោយធ្វើការកំណែទម្រង់៕