ការពង្រឹងសមត្ថភាពស្ថិតិ ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយនៅតែជាអាទិភាពដើម្បីធានាការប្រើប្រាស់ទិន្នន័យក្នុងការគាំទ្រដល់ការតាក់តែងគោលនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល
« វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នស្ថិតិ ជាតិថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកក្នុងការប្រមូលទិន្នន័យ ការវិភាគ ចងក្រង និងផ្សព្វផ្សាយទិន្នន័យស្ថិតិ ព្រមទាំងមានតួនាទីដឹកនាំរៀបចំគោលនយោបាយអភិវឌ្ឍន៍ស្ថិតិផ្លូវការ រួមទាំងការងារសម្របសម្រួលនៅក្នុងប្រព័ន្ធស្ថិតិជាតិ និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិយ៉ាងទូលំទូលាយនៅក្នុងវិស័យស្ថិតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល។ មិនតែប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត របស់រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការបោះពុម្ព និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់ខ្លួនសម្រាប់ផ្តល់ដល់អ្នកប្រើប្រាស់ទូទៅ។ ស្របពេលដែលកម្ពុជា បានធ្វើកំណែទម្រង់គួរឲ្យកត់សម្គាល់លើការវិនិយោគ ការគ្រប់គ្រងវិស័យសាធារណៈ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិ ក៏នៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធទៅនឹងតម្រូវការផលិតទិន្នន័យ ដែលមានលក្ខណៈបំបែកលម្អិត ជាមួយនឹងភាពខ្វះខាតធនធាន និងតម្រូវការនូវប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ប្រកបដោយភាពរឹងមាំ និងមានចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់សម្រាប់ស្ថិតិ។ ការពង្រឹងសមត្ថភាពស្ថិតិ ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រព័ន្ធស្ថិតិជាតិ នៅតែជាអាទិភាពបន្ត ដើម្បីធានាការប្រើប្រាស់ទិន្នន័យក្នុងការគាំទ្រដល់ការតាក់តែងគោលនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាលទទួលបាលទ្ធផលប្រកបដោយផ្លែផ្កា»។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងផែនការនៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី យុទ្ធសាស្រ្តសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ និងការប្រើប្រាស់ថ្នាលទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅទីស្តីការក្រសួងផែនការ។
នាឱកាសនោះ ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានបកស្រាយអំពីសារៈសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយក្នុងគោលបំណងយល់ដឹងស្ថិតិផ្លូវការ និងផែនការសកម្មភាពនានាដោយផ្អែកលើការប្រើប្រាស់ទិន្នន័យជាភស្តុតាងសម្រាប់រៀបចំផែនការ និងការតាក់តែងគោលនយោបាយតាមវិស័យ ជាពិសេសការតាមដានវឌ្ឍនៈភាព ឆ្ពោះទៅសម្រេចផែនយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG)។ ក្នុងន័យនេះ វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់ខ្លួន ជាពិសេសការបង្កើនទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកផលិតទិន្នន័យប្រកបដោយលក្ខណៈជាប្រព័ន្ធ គឺជាការចាំបាច់បំផុត។
ជាមួយនោះ ឯកឧត្តម លី ចាន់សុភក្តី បានសង្ឃឹមយ៉ាងមុតមាំថា នឹងមានការខិតខំធ្វើការរួមគ្នាជាប្រព័ន្ធ និងផ្តល់នូវឱកាសចែករំលែកបទពិសោធន៍រវាងគ្រូឧទ្ទេស និងអ្នកចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយល់ដឹងកាន់តែទូលំទូលាយ អំពីចរិកលក្ខណៈអ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ឆ្ពោះទៅសម្រេចបានការប្រើប្រាស់យុទ្ធសាស្រ្តសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ និងការប្រើប្រាស់ថ្នាលទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់ប្រសិទ្ធភាពការផ្សព្វផ្សាយទិន្នន័យស្ថិតិជាតិកាន់តែមានប្រសិទ្ធភាព៕