កម្ពុជាធ្លាប់តែនាំចូល តែបច្ចុប្បន្នកម្ពុជាអាចផលិតសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងអាចមានលទ្ធភាពនាំចេញទៅប្រទេសក្រៅថែមទៀត

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់តែនាំចូល ប៉ុន្តែបច្ចុប្បន្នអាចផលិតសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងអាចមានលទ្ធភាពនាំចេញទៅប្រទេសក្រៅថែមទៀត។

ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី៧​ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​​។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលផ្ដល់ឱកាសឱ្យគណបក្សប្រជាជនបម្រើបងប្អូនតទៅទៀត។ សម្ដេចធិបតីបន្តថា ការគាំទ្ររបស់បងប្អូននៅខេត្តព្រះសីហនុ បានបញ្ជាក់ពីភាពជឿជាក់និងការសប្បាយចិត្តនិងភាពកក់ក្ដៅ ជាពិសេសគោលការណ៍ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារបស់សម្ដេចតេជោ។ គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋរីកចម្រើនជាពិសេសគឺជីវភាពរស់នៅប្រចាំថ្ងៃ។

សម្ដេចធិបតីបានបន្តទៀតថា បច្ចុប្បន្នកាលគឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ប៉ុន្តែយើងក៏មិនត្រូវភ្លេចអតីតកាលដែលយើងបានខិតខំអនុវត្តកន្លងមកដែរ។ បច្ចុបច្ចុប្បន្ន កម្មករ កម្មការិនី មិនត្រឹមតែអាចរកចំណូលសម្រាប់តែទ្រទ្រង់ខ្លួនឯងទេ អាចជួយដល់ក្រុមគ្រួសារឪពុកម្ដាយបងប្អូនថែមទៀត។

គួរបញ្ជាក់ថា រោងចក្រ សហគ្រាសទាំង៣០ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន១រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន១១ រោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៤រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន២រោងចក្រកេសកាតុង ចំនួន​២រោងចក្រផលិតចំណីសត្វ ចំនួន២រោងចក្រផលិតថ្មម៉ាប ចំនួន១រោងចក្រកែច្នៃស្បែក ចំនួន១ រោងចក្រផលិតសម្ភារការិយាល័យចំនួន១រោងចក្រដេរស្បែកជើង ចំនួន១រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន១ រោងចក្រជ្រលក់ក្រណាត់ ចំនួន១រោងចក្រផលិតអេប៉ុងចំនួន១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិចចំនួន១ ។

គួរជម្រាបជូនផងដែរថា នេះគឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា៕

អត្ថបទដែលជាប់ទាក់ទង