លោកស្នងការខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងជំនាញចុះទៅគោលដៅភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីប្រទះឃើញសពបុរសម្នាក់បានស្លាប់ក្នុងរថយន្តនៅក្រុងប៉ោយប៉ែត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជំនាញចុះទៅដល់គោលដៅផ្ទាល់ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានថា មានករណីប្រទះឃើញសពបុរសម្នាក់ បានស្លាប់នៅក្នុងរថយន្តលិចស៊ីស RX330 នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅរសៀលនេះថា តាមការសន្និដ្ឋានបឋមគឺជាករណីឃាតកម្ម ដែលសពបុរសខាងលើគឺជាជនជាតិចិន ហើយកម្លាំងសមត្ថកិច្ចនគរបាលជំនាញកំពុងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវស្វែងរកជនបង្កដើម្បូីចាប់ខ្លួនយកមកផ្ដន្ទាទោសហើយ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះបានស្លាប់ក្នុងស្ថានភាពឈាមហូរស្រោចពេញខ្លួន ក្នុងរថយន្តលិចស៊ីស RX330 ពាក់ស្លាកលេខភ្នំពេញ 2AP.6254 ដេកស្លាប់នៅកៅអីខាងមុខផ្នែកខាងស្តាំ មានស្លាកស្នាម៤កន្លែង ពោលគឺឃាតករបាញ់ចំក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកខាងស្តាំ។

ប្រភពព័ត៌មានបានបន្តថា ករណីឃាតកម្ម គឺខ្មាន់កាំភ្លើងបានបាញ់សម្លាប់ក្នុងរថយន្ត ដែលការបាញ់នោះ គឺនៅកៀកនឹងជនរងគ្រោះ ព្រោះមានស្លាកស្នាមរំសេវរោលនៅនឹងកន្លែងក្បែរសព។
ហើយសមត្ថកិច្ចបានរកឃើញសំបកកន្ទុះប្រភេទអាវុធខ្លីម៉ាកឡុកចំនួន២គ្រាប់ បន្សល់ជាវត្ថុតាងនៅលើរថយន្ត និងបានទុកសពនៅលើរថយន្ត ហើយនាំគ្នារត់គេចខ្លួនតែម្ដង។

បើតាមប្រភពព័ត៌មានពីមន្ត្រីសុខាភិបាលផ្នែកកោសល្យវិច័យសព បានឱ្យដឹងថា សាកសពជនរងគ្រោះគឺជាបុរសអាយុប្រមាណជាង៣០ឆ្នាំ អាចជាជនជាតិចិន ឬចិនតៃវ៉ាន់ និងមានស្លាកស្នាមគ្រាប់អាវុធបាញ់ទៅលើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ សពបានស្លាប់រយៈពេល២យប់មកហើយ ព្រោះស្ថានភាពសពបានហើមមុខឡើងពណ៌ខៀវទៅហើយ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា សមត្ថកិច្ចជំនាញុ ក្រោយពិនិត្យសាកសពជនរងគ្រោះរួច ក៏បានដឹកយកទៅតម្កល់ទុកនៅវត្តប្រជាធម្ម ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង