ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញចេញលិខិតព្រមានលោក ផុន សារ៉េត ម្ចាស់គណនីឈ្មោះ «Phon Sareth» ក្រោយបង្ហោះសារលើហ្វេសប៊ុកធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរលោកស្នងការនគរបាលខេត្តកំពត

បន្ទាប់ពីលោក ផុន សារ៉េត ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Phon Sareth» បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនដែលមានខ្លឹមសារ «ល្បីថាលោកស្នងការនគរបាលខេត្តកំពត ផឹកស្រាស្រវឹងរកបាញ់លោកសង្ឃនៅវត្តភ្នំរាប តើជារឿងពិតទេ?»។

លោក ពេជ្រ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញលិខិតព្រមានថា សូមព្រមានចំពោះ លោក ផុន សារ៉េត អនុប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ ទៅលើករណីផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ Phon Sareth ដែលមានខ្លឹមសារ «ល្បីថាលោកស្នងការនគរបាលខេត្តកំពត ផឹកស្រាស្រវឹងរកបាញ់លោកសង្ឃនៅវត្តភ្នំរាប តើជារឿងពិតទេ?» ចំពោះការផ្សព្វផ្សាយនេះ គឺជារឿងមិនពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស លោកស្នងការនគរបាល ខេត្តកំពត ។

នៅក្នុងលិខិតព្រមាន លោកប្រធានមន្ទីរមន្ទីរព័ត៌មានរាជធានីភ្នំពេញ បានណែនាំដល់លោក ផុន សារ៉េត ត្រូវគោរពតាមច្បាប់ សហលក្ខន្តិកៈមន្តី រាជការស៊ីវិល និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

លោក ពេជ្រ ស៊ីធឿន បានព្រមានថា ករណីលោក ផុន សារ៉េត មិនគោរពតាមការណែនាំរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទាក់ទិនករណីខាងលើនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Phon Sareth» ដែលគេស្គាល់ថាឈ្មោះ ផុន សារ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជាអនុប្រធានការិយាល័យទូរទស្សន៍នៃមន្ទីរព័ត៌មានរាជធានី ភ្នំពេញ ដែលបច្ចុប្បន្នរស់នៅផ្ទះលេខ១៣៧ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក៏បានធ្វើលិខិតសុំទោសជាសាធារណះចំពោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតថា «សុំទោសចំពោះករណីរំលោភលើវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣»។

នៅក្នុងលិខិតសុំទោស លោក ផុន សារ៉េត បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានបង្ហោះសារតាមបណ្តាញសង្គម គណនីហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ «Phon Sareth» មានខ្លឹមសារ «ល្បីថាលោកស្នងការនគរបាលខេត្តកំពត ផឹកស្រាស្រវឹងរកបាញ់លោកសង្ឃនៅវត្តភ្នំរាប តើជារឿងពិតទេ?»

ជាមួយគ្នានោះ លោក ផុន សារ៉េត ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Phon Sareth» បានសូមទទួលកំហុសដែលលោកបានបង្ហោះសារមិនពិតខាងលើនេះតាមបណ្តាញសង្គមហ្វេសបុក ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្នងការ ដោយមិនបានប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ដោយទទួលព័ត៌មានតែមួយជ្រុងហើយធ្វើការផ្សព្វផ្សាយ ។

ទន្ទឹមនោះ លោក ផុន សារ៉េត បានសន្យាថា លោកមិនឱ្យមានករណីនេះ ជាលើកទី២ឡើយ។ លោកសូមធ្វើការសុំទោសចំពោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជាសាធារណៈ និងសុំសេចក្ដីអនុគ្រោះ។

គួររំលឹកជូនថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្រោយទទួលបានព័ត៌មានថា មានករណីគេបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកដោយភ្ជាប់ខ្លឹមសារថា ល្បីថាលោកស្នងការនគរបាលខេត្តកំពត ផឹកស្រាស្រវឹងរកបាញ់លោកសង្ឃនៅវត្តភ្នំរាប តើជារឿងពិតទេ?» លោកស្នងការកាលពីថ្ងៃទី០៧ ខែវិច្ឆិកាក៏បានឆ្លើយតបភ្លាមៗថា ខ្ញុំមិនអាចទទួលយកនូវការសុំទោសបែបលេងសើចរបស់លោក ផុន សារ៉េត ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phon Sareth ដែលបានសរសេរធ្វើអោយប៉ៈពាល់ដល់កិត្តិយសរបស់ខ្ញុំរបៀបនេះបានទេ។ លោកស្នងការបន្តថា ក្នុងនាមលោក ផុន សារ៉េត ជាមន្ត្រីនៅមន្ទើរព័ត៌មានរាជធានីភ្នំពេញ ហើយក៏ជាអ្នកកាសែតមួយរូប តើលោកមានវិជ្ជាជីវៈច្បាស់លាស់ដែរឬទេក្នុងការផ្សាយព័ត៌មាន។ លោកត្រូវប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្សាយចៀសវាងការយល់ច្រលំមកលើរូបខ្ញុំពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋទាំងអស់។

បន្ទាប់មក លោកស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តថា ស្អែកនេះ ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាការដោយគ្មានការលើកលែងចំពោះបុគ្គលដែលមានឈ្មោះក្នុងហ្វេសប៊ុក «Phon Sareth» ដែលបានសរសេរធ្វើឲ្យប៉ៈពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយសរបស់ខ្ញុំក្នុងនាមជាអ្នកអនុវត្តច្បាប់និងការពារប្រជាពលរដ្ឋ។

លោកស្នងការខេត្តកំពតដ៏មានប្រជាប្រិយភាពរូបនេះបានបន្ថែមថា លោក ផុន សារ៉េត បានបង្ហោះជាងពីរម៉ោងទៅហើយម៉េចក៏មិនដឹងថា គេ Hack Facebook របស់លោក ដល់តែខ្ញុំត្រៀមដាក់ប្តឹងនៅថ្ងៃស្អែកទើបលោកចេញមកសរសេរថាគេ Hack Facebook របស់លោកទៅវិញ។ លោកស្នងការបន្តថា កិត្តិយសរបស់ខ្ញុំមិនមែនសម្រាប់លោកយកលេងសើចបែបនេះទេ។

លោកស្នងការខេត្តកំពតបានបញ្ជាក់ថា ប្រសិន Facebook របស់លោក Phon Sareth ត្រូវបានគេ Hack ពិតមែន ហើយលោកជាមនុស្សប្រកបទៅដោយសុច្ចរិតភាពនិងមានទំនួលខុសត្រូវពិតប្រាកដមែន សូមលោកមកជួបខ្ញុំនៅខេត្តកំពតនៅថ្ងៃស្អែក។ ក៏ប៉ុន្តែខ្ញុំសូមប្រាប់ទៅលោកថា Facebook របស់លោកត្រូវបានគេ Hack តែ tag ទៅមនុស្សសុទ្ធតែជាអ្នកធ្វើការនៅស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជា លោកគិតថា ខ្ញុំជាក្មេងបៀមដៃមែនទេ។

គួរបញ្ជាក់ជូនថា បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅព្រឹកថ្ងៃនេះថា ដោយមានការស្នើសុំពីថ្នាក់ដឹកនាំនៅក្រសួងព័ត៌មាន និងលោកប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញក៏បានចេញលិខិតព្រមានចំពោះលោក ផុន សារ៉េត ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Phon Sareth» ហើយសាមីខ្លួនផ្ទាល់លោក ផុន សារ៉េត ក៏បានចេញលិខិតសុំទោសទទួលស្គាល់កំហុសជាសាធារណៈរួចរាល់ហើយដែរ លោកក៏យល់ព្រមបញ្ចប់ត្រឹមប៉ុណ្ណឹងទៅចុះ៕

 

អត្ថបទដែលជាប់ទាក់ទង