សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាកសាងប្រជាធិបតេយ្យសេរីពហុបក្សក្នុងប្រទេសឱ្យជឿនលឿន
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីទំនុកចិត្តក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឱ្យខ្ពស់ដូចសម័យអង្គរ និងបានបញ្ជាក់នៅចំពោះព្រះភ័ក្រព្រះមហាក្សត្រថារាជរដ្ឋាភិបាលរបស់សម្ដេចនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើន រួមទាំងកសាងប្រជាធិបតេយ្យប្រទេសឱ្យកាន់តែជឿនលឿន និងរឹងមាំផងដែរ។
ថ្លែងក្នុងមីទិ្ទញអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីលានមុខព្រះបរមរាជវាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចបានប្ដេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវការ ការពារសន្ដិភាព ឯករាជ្យអធិបតេយ្យ និងសមិទ្ធផលជាតិឱ្យបានថិតថេរ រួមគ្នាជាមួយនឹងការកសាងប្រទេសជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំដោយផ្អែកលើច្បាប់ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន សម្បូរសប្បាយប្រកបដោយភាពថ្លៃថ្នូ និងការគោរពសិទ្ធិមនុស្ស។
ជាមួយគ្នានេះសម្ដេចក៏បានប្ដេជ្ញាថានឹងកសាងប្រព័ន្ធគាំពារសង្គមដោយលើកកម្ពស់ និងគ្មានការរើសអើងប្រកបដោយប្រសិទ្ធភាព ធានានូវចីរភាពហិរញ្ញវត្ថុដែលធានាដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច សុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងទៀត រួមទាំងបោសសម្អាតមីនឱ្យអស់នៅឆ្នាំ២០២៥។
សម្ដេចធិបតីក៏បានបញ្ជាក់ពីជំហរការបរទេសកម្ពុជាផងដែរ គឺផ្អែកលើច្បាប់ កសាងមិត្ត និងចូលរួមគ្រប់សកម្មភាពថែរក្សាស្ថិរភាព សន្ដិភាពទាំងក្នុងតំបន់ និងពិភពលោក។
យោងតាមប្រវត្តិសង្ខេបកំណើតនៃកងយុទ្ធពលខេមភូមិន្ទ កងទ័ពជាតិមួយនេះត្រូវបានបង្កើតឡើងចេញពីអនុសញ្ញាយោធាបារាំង-ខ្មែរ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦ ហើយបារាំងបានរៀបចំការផ្ទេរមកកាន់ការគ្រប់គ្រងទាំងស្រុងដល់កម្ពុជានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ ទោះជាយ៉ាងណាព្រះរាជាណាចក្រកម្ពុជាបានរើសយកថ្ងៃដែលទទួលបានឯករាជ្យ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃចាប់កំណើតពិតប្រាកដនៃកងយោធពលខេមរភូមិន្ទ៕