រដ្ឋមន្ត្រីមហាផ្ទៃ ស សុខា និងលោកជំទាវអញ្ជើញដង្ហែកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃចំនួន៤វត្ត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះអស់កាលត្រីមាសចំនួន៤វត្ត នៅវត្តគិរីរុក្ខារាម (ថ្មរមៀល) ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អង្គពិធីដោយមានការអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ។

ក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្ត វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត រួមមាន៖ *១~វត្តគិរីរុក្ខារាម (ថ្មរមៀល) ភូមិថ្មរមៀល, *២~វត្តគិរីរុក្ខារាម ធ្លក ភូមិធ្លក, *៣~វត្តប្រាសាទារាម (ប្រាសាទត្បែង) ភូមិប្រាសាទត្បែង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក, *៤~វត្តគិរីធម្មបទខ្លាកូនថ្មី ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណផងដែរ។

*គួរជម្រាបជូនថា បុណ្យកឋិនគឺជា​បុណ្យមួយរបស់​ព្រះពុទ្ធសាសនា ដែលមាន​រយៈពេល​២៩​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។ អាច​និយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើម​ធ្វើបុណ្យ​កឋិន នៅក្រោយ​ថ្ងៃ​ចេញ​ព្រះវស្សា​។ ការចូល​ព្រះវស្សា​របស់​ព្រះសង្ឃ មាន​រយៈពេល​៣​ខែ​។

*កឋិន​កាល គឺជា​រដូវ​ដែល​ប្រជា​ពុទ្ធបរិស័ទ នាំយក​សំពត់​ជា​គ្រឿង​ស្លៀកដណ្តប់​របស់​ព្រះសង្ឃ មាន​ចីពរ​ជាដើម ទៅ​ប្រគេន​ព្រះសង្ឃ​។ បច្ចុប្បន្ន គេ ឃើញ​ពុទ្ធបរិស័ទ មិន​ត្រឹមតែ​ប្រគេន​ចីវរ​ទេ នៅ​ប្រគេន​ទេយ្យទាន​ផ្សេងៗ​ទៀត ដូចជា គ្រឿង​បរិភោគ និង ថ្នាំសង្កូវ ជាដើម រួមទាំង​បច្ច័យ​ផងដែ។

*បើតាម​ព្រះ​វិន័យ វត្ត​មួយ អាច​ប្រារព្ធ​ពិធីបុណ្យ​កឋិន​បានតែ​មួយថ្ងៃ​គត់ ក្នុង​រយៈពេល​២៩​ថ្ងៃនេះ ដោយ​ប្រារព្ធ​នៅ​ថ្ងៃ​ណា​ក៏​បានដែរ តាម​ការរៀបចំ​របស់​គណៈកម្មការ​វត្ត និង​តាម​ការស្នើសុំ​របស់​ម្ចាស់​កឋិន​។ បុណ្យ​នេះ មិន​ត្រឹមតែ​ជា​បុណ្យ​បែប​ព្រះ​វិន័យ​ទេ តែ​ថែមទាំង​ក្លាយជា​បុណ្យប្រពៃណី​ខ្មែរ​ផងដែរ​។​

*ទោះបីជាវត្ត​មួយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើបុណ្យ​កឋិន​លើសពី​មួយថ្ងៃ​ក៏ពិតមែន តែ​វត្ត​មួយ​អាច​ទទួលបាន​កឋិន​ច្រើន​លើសពី​មួយ​បាន​។ វត្ត​ខ្លះ អាចមាន​កឋិន​ច្រើន​ហែ​ចូល ដោយមាន​ម្ចាស់​ផ្សេងៗ​គ្នា តែ​ពិធី​នេះ​ដាច់ខាត ត្រូវ​រៀបចំ​យ៉ាងណា​ឲ្យ​ចំ​ថ្ងៃ​ជាមួយគ្នា ដោយ​មិនអាច​ខុស​ថ្ងៃ​គ្នា​បានឡើយ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ ក្នុង​មួយ​វត្ត​អាចមាន​កឋិន​ប៉ុន្មាន​ក៏បាន​ដែរ តែ​ត្រូវ​ប្រារព្ធ​ឡើង​ជាមួយគ្នា​ក្នុង​ថ្ងៃ​តែមួយ​។​

*ចំពោះ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ បុណ្យកឋិន មិន​ត្រឹមតែ​ទាយក ទាយិកា​នោះទេ ដែល​អាច​ធ្វើបាន សូម្បីតែ​ព្រះសង្ឃ​ខ្លួនឯង​ផ្ទាល់ ក៏​អាច​ផ្តួចផ្តើម​ធ្វើជា​ម្ចាស់​បុណ្យកឋិន​បានដែរ​៕

អត្ថបទដែលជាប់ទាក់ទង