សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងអស់មិនបានបង្ខិតបង្ខំទេ

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងអស់មិនបានបង្ខិតបង្ខំទេ ប៉ុន្តែអ្វីដែលសំខាន់គឺចង់ឱ្យមានការចូលរួមឱ្យបានច្រើនពីប្រជាជននិងយុវជន។

សម្តេចធិបតីថ្លែងនាព្រឹកថ្ងៃទី១៤ខែ វិច្ឆិកា២០២៣នៅសណ្ឋាគារសុខា រាជធានីភ្នំពេញក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនិងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។

សម្តេចធិបតីបានស្នើឱ្យក្រសួងការងារយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់និងរូបភាពឱ្យទូលំទូលាយដើម្បីចំគោលដៅឱ្យប្រជាពលរដ្ឋមានការយល់ដឹងចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើនជាអតិបរមា។

សម្តេចធិបតីបន្តថា ពិតណាស់កិច្ចការទាំង អស់នេះយើងត្រូវយល់អំពីសារៈសំខាន់នៃការទទួលបានព័ត៌មាននិងការយល់ដឹងរបស់ប្រជាជន បើមិនដូច្នេះទេគឺយើងមិនអាចទៅរួចទេគឺត្រូវយកយុទ្ធសាស្ត្រវិស័យឯកជន មកប្រើ ផលិតផលល្អបែបណាក៏ដោយបើគ្មានការផ្សព្វផ្សាយពាណិជ្ជកម្មគឺមិនអាចទាក់ទាញអតិថិជនបានទេគឺមិនអាចឱ្យប្រជាពលរដ្ឋដឹងនិងចូលរួមនោះទេ ។ ពេលខ្លះប្រជាជន អាចសួរមកវិញថាបង្ខំឱ្យខ្ញុំចូល រៀន ចូលរៀនហើយឱ្យខ្ញុំធ្វើអី ? ។

សម្តេចធិបតីបន្តថា គោលនយោបាយយើងទាំងអស់មិនបានបង្ខិតបង្ខំទេ។ ទាំងកម្មវិធីជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយទាំងកម្មវិធីសន្តិសុខសង្គមដោយស្ម័គ្រចិត្តនិងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគឺអត់មានបង្ខិតបង្ខំទេ។ ប៉ុន្តែអ្វីដែលសំខាន់ដើម្បីឱ្យមានការចូលរួមឱ្យបានច្រើន៖ ទី១- ត្រូវផ្សព្វផ្សាយឱ្យដឹងច្បាស់ ,ទី- ពេលបានហើយត្រូវអនុវត្តឱ្យបានគត់មុតនិងចំគោលដៅ៕

អត្ថបទដែលជាប់ទាក់ទង