នាយករដ្ឋមន្ត្រីកម្ពុជា៖ រាជរដ្ឋាភិបាលប្ដេជ្ញាគិតគូរដល់កូនចៅជំនាន់ក្រោយឱ្យមានសុខភាព ចំណេះដឹង និងជំនាញ

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន ប្ដេជ្ញាចិត្ត ក្នុងការគិតគូរដល់កូនចៅជំនាន់ក្រោយឱ្យមានទាំងសុខភាព ចំណេះដឹង និងជំនាញ តាមរយៈការដាក់ឱ្យអនុវត្ដន៍កម្មវិធីនយោបាយចំនួន ២ ក្នុងវិស័យការងារ ដើម្បីជួយប្រជាពលរដ្ឋចំនួន ៩លាននាក់ ឱ្យទទួលបានអត្ថប្រយោជន៍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក បេឡាជាតិរបបសន្តិសុខសង្គម បានទៅពង្រីកប្រព័ន្ធធានារ៉ាប់រងសុខភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្ដប់ការថែទាំសុខភាពជាសកល ពោលគឺគ្មានពលរដ្ឋណាម្នាក់ពុំទទួលបានការថែទាំសុខភាពនោះទេ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករ និយោជិត នៅព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

ដោយឡែក បន្ថែមពីលើការថែទាំសុខភាព កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាកាផ្ដល់ទាំងចំណេះដឹង និងជំនាញដល់យុវជនជាង១លាន៥សែននាក់។

ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញ និងអនុវត្ដន៍ជំនាញបច្ចេកទេស ដល់ប្រជាពលរដ្ឋក្រីក្រ និងរងហានិភ័យ គឺជាយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យយុវជនអាចមានការងារធ្វើ និងក្លាយជាចលករចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង