ជប៉ុនជួយសាងសង់ស្ពានបេតុងថ្មីមួយទៀតប្រវែង២៥ម៉ែត្រ នៅខេត្តស្ទឹងត្រែង

នារសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុន រាជធានីភ្នំពេញ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង, លោក សួង ហ៊ី អភិបាលនៃគណ:អភិបាល ស្រុកសៀមបូក និង លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមពិធីចុះហត្ថលេខា ជាមួយ លោក តានិណៃ អ៊ុំឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លើជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដើម្បីសាងសង់ស្ពានបេតុងថ្មី ១កន្លែង ប្រវែង ២៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយប្រើប្រាស់ថវិកាចំនួន ១៦៨ ២៧៦ ដុល្លារអាមេរិក។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានបេតុងថ្មីនេះ គឺដើម្បីជំនួសឱ្យស្ពានឈើចាស់ ដែលបានពុកផុយ រងការខូចខាត និងគ្មានសុវត្ថិភាព ដោយសារចំនួនរថយន្តធុនធ្ងន់ឆ្លងកាត់ច្រើន បណ្ដាលឱ្យមានការបាក់ស្រុត ជាហេតុបង្កឱ្យមានការលំបាកជាច្រើនដល់ប្រជាជនក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលារៀន កន្លែងធ្វើការ មន្ទីរពេទ្យ ជាពិសេសការដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋទូទៅ ។

ស្ពានបេតុងថ្មីនេះ នឹងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់សកម្មភាពសេដ្ឋកិច្ច ព្រោះស្ពាននេះជាបណ្ដាញតភ្ជាប់ផ្លូវនៃតំបន់សេដ្ឋកិច្ចទី១ ដែលខេត្តស្ទឹងត្រែងបានកំណត់ ក្នុងនោះក៏បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ២ ៨០០ នាក់ ក្នុងភូមិចំនួន៤ ស្ថិតនៅជុំវិញភូមិសាស្ដ្រខាងលើ តាមរយៈការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីទទួលបានសេវាសាធារណៈល្អប្រសើរ ទាន់ពេលវេលា សកម្មភាពដឹកជញ្ជូនកសិផល និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល ដែលជាការរំពឹងថានឹងជួយកែលម្អ និងលើកកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ របស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង